(ភ្នំពេញ)៖ ​ខ្មាន់កាំភ្លើងដែលបើកការបាញ់ប្រហារជនរងគ្រោះស្រីប្រុស២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាមន្ដ្រីយោធា ឈ្មោះ ប៊ុន តេង ហៅហ្គោ ដែលព្រឹកមិញនេះ កម្លាំងនគរបាលជាច្រើននាក់ បានចុះទៅឆែកឆេរផ្ទះរបស់ខ្មាន់កាំភ្លើងនៅខណ្ឌជ្រោយចង្វារ ដកហូតបានរថយន្ដទំនើបមួយគ្រឿង ខណៈដែលជនបង្កបានរត់គេចខ្លួនបាត់។

នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលផ្ទះជនសង្ស័យស្ថិតក្នុង​បុរីសុភមង្គល ផ្ទះលេខ​T53A ក្រុម​១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បើតាមលោកអធិការ ប្រតិបត្តិការនៅព្រឹកមិញនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ ​កម្លាំងនគរបាលដកហូតបានរថយន្ត​​មួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ ​2R-6967 ដែលជាមធ្យោ​បាយប្រព្រឹត្ត​បទល្មើស និងសម្ភារមួយចំនួនទៀត។

សម្រាប់អត្តសញ្ញាណវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា​ ប្រុសឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣K ផ្លូវលំ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងស្រ្តីរងគ្រោះឈ្មោះ សឺង វិន អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា មូលហេតុតាមការសួរនាំជាជំហ៊ានដំបូងនោះ សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ។

សូមបញ្ជាក់ថា នៅពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង បើករថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់ជីវិត នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យធ្ងន់ ហើយធ្លុះធ្លាយរថយន្តជាច្រើនគ្រាប់។

តាមសម្តីសាក្សី មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក Toyota Tacoma ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ មុខផ្ទះរងគ្រោះរូបនោះ បម្រុងឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំនៃរថយន្ត បណ្តាលឲ្យត្រូវជនរងគ្រោះទាំងពីរនាក់ ដែលនៅក្នុងរថយន្ត Tacoma នោះតែម្តង ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយ បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ដែលបាញ់ហើយប៉ុណ្ណោះ។ អ្នករងរបួសទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕