(ភ្នំពេញ)៖ បន្ទាប់ពីចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០១៥-២០១៨) កន្លងផុតទៅ លទ្ធផលបង្ហាញថាគ្រប់ក្រុង-ខណ្ឌបេក្ខភាពសុទ្ធតែទទួលបានផ្ការំដួលទាំងអស់គ្នា ក្រុង-ខណ្ឌខ្លះទទួលបានផ្ការំដួល១ទង ផ្ការំដួល២ទង និងផ្ការំដួល៣ទង ហើយជយលាភីដែលទទួលបានផ្ការំដួល៣ទង មានឱកាសទទួលបានពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុង-ខណ្ឌជយលាភី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់ក្រុង-ខណ្ឌទាំងនោះត្រូវប្រឹងប្រែងឲ្យបានខ្លាំងក្លាបំផុត ដើម្បីទទួលបានផ្ការំដួល៣ទងផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន ព្រោះនេះមោទនភាពនៃការខិតខំរបស់ក្រុង-ខណ្ឌជយលាភីនីមួយៗ។
ការលើកឡើងនេះ ក្នុងឱកាសបើកសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីចែកជយលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកថ្លែងយ៉ាងដូច្នេះថា «សល់៥ឆ្នាំទៀត ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ហ្ចឹងសុំថាឲ្យទាំងអស់គ្នាបាន៣ទង បើសិន ២០២១ មិនបាន ក៏សុំអ្នកបាន២ទង ឡើងមក៣ទង ប៉ុន្តែដល់ ២០២៣ ទាំង១ ទាំង២ ឡើងមក៣ទងទាំងអស់គ្នា ខ្ញុំសង្ឃឹមជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់»។
លោកបានលើកទឹកចិត្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២១ ដូច្នេះក្រុង-ខណ្ឌជយលាភីដែលបានផ្ការំដួល២ទង នាពេលនេះ ត្រូវខិតខំឲ្យបានផ្ការំដួល៣ទងទាំងអស់គ្នា ហើយត្រូវរក្សាតំណែង៣ទងថេរ នៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់។
លោកបានបញ្ជាក់ថា ទីក្រុងស្អាតនាំមកនូវផាសុកភាព ជំរុញការរក្សាបាននូវអនាម័យល្អ និងសណ្ដាប់ធ្នាប់ល្អ ដែលជាការរួមចំណែកក្នុងការទាក់ទាញទេសចរ និងចំណេញដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅទីនោះមានការរីកចម្រើន។
លោកកត់ស្គាល់ឃើញថា ទីក្រុងដែលធ្លាប់បានទទួលរៀបចំបុណ្យសមុទ្រ បុណ្យទន្លេជាដើម តែងតែកើនពិន្ទុច្រើនជាងមុន ដូចជាក្រុងស្ទឹងត្រែង កើនឡើង ៩ពិន្ទុ ក្រុងព្រះសីហនុ កាលពីចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ បានផ្ការំដួលតែ២ទងទេ ប៉ុន្តែក្រោយរៀបចំបុណ្យសមុទ្រ កាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ ខេត្តមួយនេះបានប្រឹងប្រែងយ៉ាងខ្លាំង រហូតកើនឡើងដល់ ១១ពិន្ទុ ពោលទទួលបានផ្ការំដួល៣ទង។
លោកសង្កត់ធ្ងន់ថា អ្វីតែជាគោលបំណងចម្បងនៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺចង់ឲ្យប្រទេសកម្ពុជាស្អាត និងបៃតង សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យគ្រប់កន្លែងទាំងអស់មានបដិសណ្ឋារកិច្ចល្អ ហើយអ្វីទាំងអស់នេះ ក៏បានដាក់ចេញក្នុងទិសដៅការងារបន្តសម្រាប់ឆ្នាំបន្តបន្ទាប់ របស់ក្រសួងទេសចរណ៍ផងដែរ ប៉ុន្តែវិស័យទាំងនេះ ក៏ដូចវិស័យដទៃដែរ គឺមិនអាចអនុវត្តបានឡើយ បើគ្មានសន្តិភាព ដែលសន្តិភាពនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ខិតខំស្វែងរក និងខិតខំថែរក្សាខ្លាំងណាស់ ក្នុងពេលដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន៕