(ភ្នំពេញ)៖ របាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួង និងគណៈកម្មាធិការចំរុះ ព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ហើយឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន៤៧៩ និងនៅសល់ចំនួន២៦ បង្គោលមិនទាន់ឯកភាពគ្នា។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្រាប់កិច្ចការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ, ភាគីទាំងពីរបានទទួលលទ្ធផលគួរឲ្យកត់សំគាល់ ដោយបានបោះបង្គោលព្រំដែនចំនួន១២១ លើចំនួនសរុប១៤៥បង្គោល មានចំនួន៤៦៤,៥គីឡូម៉ែត្រ លើ៥៤០គីឡូម៉ែត្រ ស្មើនឹង៨៦%។
ដោយឡែកសម្រាប់កិច្ចសហការជាមួយភាគីថៃ, កម្ពុជា-ថៃ បានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ បោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន៤៤បង្គោល និងមិនឯកភាព ចំនួន២៦បង្គោល និងបានសម្រេចចាប់ផ្តើម សាងសង់ស្ពាននៅស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) បានណងអៀន (ខេត្តស្រះកែវ)។
ដោយឡែកជាមួយប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន៨៤% និងបានបោះបង្គោលធំចំនួន៣១៤បង្គោល ក្នុងចំណោម៣៧៥ បង្គោល នៅលើផ្ទៃដីជាក់ស្តែង និងនៅសល់១៦% កំពុងបន្តចរចាដោះស្រាយ។ ជាការគួឲ្យកត់សំគាល់ក្រសួង បាននឹងកំពុងសហការជាមួយ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ក្នុងការរៀបចំបែបបទបច្ចេកទេស TOR សម្រាប់អ្នកឯកទេសបារាំង ខាងផែនទីវិទ្យា ជួយចម្លងខ្សែព្រំដែន ពីផែនទីខ្នាត១/១០០.០០០ បោះពុម្ពដោយភូមិសាស្ត្រឥណ្ឌូចិន មកលើផែនទី UTM ខ្នាត១/៥០.០០០ នៅកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់១៤%៕