(ភ្នំពេញ)៖ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០១៥-២០១៨) ដែលមានក្រុង-ខណ្ឌបេក្ខភាពចំនួន៣៨ចូលរួមនោះ ត្រូវបានប្រកាសជយលាភីជាផ្លូវការហើយ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧៨នេះ ក្នុងនោះក្រុង-ខណ្ឌជយលាភីទទួលបានផ្ការំដួល៣ទង មានចំនួន៧ក្រុង-ខណ្ឌ ចំណែកក្រុង-ខណ្ឌជយលាភីទទួលបានផ្ការំដួល២ទង មានចំនួន១៧ក្រុង-ខណ្ឌ រីឯក្រុង-ខណ្ឌជយលាភីដែលទទួលបានផ្ការំដួល១ទង មានចំនួន១៤ក្រុង-ខណ្ឌ។
ជយលាភីផ្លូវការខាងលើនេះ ត្រូវបានប្រកាសឡើងដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងពិធីសន្និបាតបូកសរុប ការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជយលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា អង្គសន្និបាតនៅថ្ងៃនេះ បានប្រកាសលទ្ធផលនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ដូចខាងក្រោម៖
* ជយលាភីផ្ការំដួល៣ទង បានទៅលើ ៦ក្រុង និង ១ខណ្ឌ (កើនឡើងចំនួន២) ក្នុងនោះរួមមាន៖ ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប ក្រុងកំពង់ចាម ក្រុងព្រះសីហនុ និងខណ្ឌដូនពេញ។
* ជយលាភីផ្ការំដួល២ទងបានទៅលើ ១៤ក្រុង និង ៣ខណ្ឌ (កើនឡើង៥) រួមមាន៖ ក្រុងពោធិ៍សាត់ ក្រុងតាខ្មៅ ក្រុងដូនកែវ ក្រុងក្រចេះ ក្រុងសិរីសោភ័ណ ក្រុងកំពង់ឆ្នាំង ក្រុងស្ទឹងសែន ក្រុងសំរោង ក្រុងបានលុង ក្រុងសែនមនោរម្យ ក្រុងស្វាយរៀង ក្រុងប៉ោយប៉ែត ក្រុងព្រៃវែង ក្រុងខេមរភូមិន្ទ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក។
* ជយលាភីផ្ការំដួល១ទងបានទៅលើ ៦ក្រុង និង ៨ខណ្ឌ (ថយចុះចំនួន៣) ក្នុងនោះរួមមាន៖ ក្រុងស្ទឹងត្រែង ក្រុងច្បារមន ក្រុងបាវិត ក្រុងសួង ខណ្ឌជ្រោយចង្វារ ក្រុងប៉ៃលិន ក្រុងព្រះវិហារ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌច្បារអំពៅ និងខណ្ឌឫស្សីកែវ។
លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ជយលាភីទីក្រុងស្អាតលើកទី២នេះ មិនមានក្រុង-ខណ្ឌបេក្ខភាពណាមិនទទួលបានជយលាភីផ្ការំដួលទេ ប៉ុន្តែប្រការគួរឱ្យកត់សម្គាល់នោះ គឺមានក្រុងខណ្ឌបេក្ខភាពខ្លះរក្សាបានចំណាត់ថ្នាក់ផ្ការំដួល ប៉ុន្តែពិន្ទុកើនឡើង ហើយក្រុងខណ្ឌខ្លះទៀតរក្សាបានចំណាត់ថ្នាក់ តែពិន្ទុថយចុះ។
សូមជម្រាបថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើឡើងរៀងរាល់៣ឆ្នាំដំបូង ក្រោមការតាមដាន និងវាយតម្លៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងគោលបំណងធ្វើឲ្យប្រទេសកម្ពុជាស្អាត និងបៃតង សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យគ្រប់កន្លែងទាំងអស់មានបដិសណ្ឋារកិច្ចល្អ៕