(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានហៅការអំពាវនាវរបស់ក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជារឿងឆោតល្ងង់ និងខុសឆ្គងធ្ងន់ណាស់ ខាងផ្នែកយុទ្ធសាស្រ្ត។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រហែលជាគិតខុសទេដឹង ខ្ញុំមិនចង់រុញទូកបណ្តោយទឹកទេ តែខ្ញុំគ្រាន់តែផ្តាំ ហេតុតែគ្នាវាល្ងង់ គិតខុសខាងយុទ្ធសាស្ត្រធ្ងន់ពេកហើយ អំពាវនាវវាខុសច្បាប់មិនឲ្យគេទៅបោះឆ្នោតអនុវត្តផ្សេងៗ វាខុសច្បាប់ ប៉ុន្តែគិតជាសន្លឹកឆ្នោតវិញ អ្នកទៅបោះឆ្នោត ទាំងប៉ុន្មានគឺបានសេចក្តីថា បោះឲ្យគណបក្សប្រជាជនទាំងអស់មិនអញ្ចឹង អាអ្នកដែលអត់ទៅ មិនចង់គេបោះឲ្យយើង អាហ្នឹង ផ្តាំទៅសូមនិយាយត្រង់ៗតិច ទៅអស់លោកអ្នកយុទ្ធសាស្ត្រ និយាយឲ្យពិតទៅចុះការពិតខ្ញុំមិនគួរនិយាយទេ ក៏ប៉ុន្តែខ្ញុំ ឲ្យអ្នកគិតឲ្យត្រូវអំពីយុទ្ធសាស្ត្រពិតប្រាកដ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមអ្នកវង្វេងទិសខ្លះ បន្តអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោត សូមអ្នកឯងធ្វើទៅ ប៉ុន្តែអ្នកឯងគួរគិតទេ អញ្ចឹងខ្ញុំចាំតែក្របួចយកតែម្តង។ មានន័យថា អ្នកដែលទៅបោះឆ្នោតទាំងប៉ុន្មានសុទ្ធ តែជាអ្នកគាំទ្រគណបក្សប្រជាកម្ពុជា និងការអំពាវនាវរបស់ គណបក្សប្រជាជនកម្ពុជា ពេលទៅបោះគឺបោះឲ្យគណបក្សប្រជាជនកម្ពុជា អាហ្នឹងវាយ៉ាងម៉េចទៅវិញ។ អញ្ចឹងទេអ្នកឯងអំពាវនាវ បានតែសមាជិក របស់អ្នកឯងតែប៉ុណ្ណោះ រីឯសមាជិករបស់អ្នកឯងទៅបោះឆ្នោត ក៏មិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ។ ដូច្នេះអ្នកឯងយកទៅគិតលមើលក្រែង លោចេះកែសម្រលខាងយុទ្ធសាស្ត្រ»។
សម្តេចតេជោ ហ៊ុន សែន បានសើចចំអកឲ្យអតីតគណបក្សប្រឆាំង ថាល្ងង់រកលេខដាក់គ្មាន។ សម្តេចថ្លែងថា «អ្នកដែលស្តាប់លោកឯង គឺមានតែសមាជិក របស់លោកឯងហ្នឹង មិនមែនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយឡែកអ្នកដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា គឺប្រាកដបោះឆ្នោតឲ្យហើយ»។ មិនតែប៉ុណ្ណោះសម្តេចតេជោ បានផ្តាំទៅក្រុមអ្នកអំពាវនាវឲ្យទៅរៀនយុទ្ធសាស្ត្របន្ថែមទៀត គឺមិនចង់រុញទូកបណ្តោយ ទឹកនោះទេ។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូម្បីតែប្រទេសបារាំង បោះឆ្នោតចុងក្រោយនេះ ចំនួនអ្នកទៅបោះឆ្នោត ប្រមាណ៥០ភាគរយ ចំណែកអ្នកធ្វើប្រធានាធិបតីអាមេរិក មិនដែលបាន៥០ភាគរយនៃប្រជាពលរដ្ឋទេ។ ព្រោះអ្នកទៅបោះឆ្នោតមានត្រឹម ៥០ភាគរយ ហើយសន្លឹកឆ្នោតកាត់ជាពីរ អញ្ចឹងត្រឹមតែ៥០ភាគរយ ឬ៣០ភាគរយ អាចធ្វើប្រធានាធិបតីអាមេរិកកាំងបានហើយ៕