(បន្ទាយមានជ័យ)៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនធំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចម្តុំផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះទៅបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត្រ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត រាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខណៈកំពុងជួញដូរនូវសារធាតុញៀននៅក្នុងមូលដ្ឋានខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានថ្លែងឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ វិន ធីលិន ហៅ (យាយយួន) ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត, ទី២៖ ឈ្មោះ ស្រៀង ចាន់តារា (ហៅជា) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំណៅមិនពិតប្រាកដ និងទី៣៖ ឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន១៣កូនថង់តូច ស្មើនឹង ៧.៣១ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៤៣គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកសាំស៊ុងហ្គាឡាក់ស៊ី អេស៧ ពណ៌ទឹកមាស១គ្រឿង និងម៉ាកអូប៉ូ អេហ្វ៣ ពណ៌ផ្កាឈូក១គ្រឿង), ប្រាក់ខ្មែរចំនួន២៩០.០០០រៀល, ប្រាក់បាតចំនួន៦០០បាត, ប្រាក់ដុល្លាចំនួន២ដុល្លារ, ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន២វង់, ខ្សែដៃលោហធាតុពណ៌លឿងចំនួន២ខ្សែ, សៀវភៅបញ្ជីលក់គ្រឿងញៀនចំនួន១ក្បាល, ឧបករណ៍ជក់ និងច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ខាងលើត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕