(ត្បូងឃ្មុំ៖) លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា មន្ត្រីរាជការត្រូវតែបម្រើការពារ និងថែរក្សានូវអ្វីដែលប្រជាពលរដ្ឋ ចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ ក្នុងឱកាសលោក ចុះទៅសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនខ្មែរឥស្លាម ជាង២០០នាក់នៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ក្នុងចំណោមជាង១សែននាក់ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោក ជាម ច័ន្ទសោភ័ណ សុំឲ្យបងប្អូនខ្មែរឥស្លាម ជាង១សែននាក់​ នៅក្នុងខេត្តត្បូងឃ្មុំ ចាត់ទុកលោកជាសមាជិកគ្រួសារម្នាក់ក្នុងផ្ទះ រួមសុខរួមទុក្ខជាមួយគ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបញ្ជាក់ឲ្យដឹងថា រាស្ត្រជាម្ចាស់របស់មន្ត្រីព្រោះថា មន្ត្រីរាជការ គឺជាជាអាណាព្យាបាល របស់រាស្ត្រដែលកើតចេញពីប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត ផ្តល់ការគាំទ្រ ឲ្យធ្វើជាតំណាងរបស់ពួកគាត់។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ដល់បងប្អូនខ្មែរឥស្លាម និងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ក៏ដូចជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនខ្មែរឥស្លាម ដោយផ្តល់សិទ្ធិគ្រប់បែបយ៉ាងទាំងខាងជំនឿសាសនា ការសិក្សារៀនសូត្រ និងការប្រតិបត្តិផ្សេងៗ។ ជាការតបស្នងដល់បងប្អូនខ្មែរឥស្លាម បានផ្តល់ទំនុកចិត្តមកវិញ នូវការជឿជាក់គាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនដែលរារែកឡើយ។

លោកបានបញ្ជាក់ថា នៅទីណាមានបងប្អូនខ្មែរឥស្លាម ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាច្បាស់ណាស់ គឺមាននៅទីនោះច្រើនលើសលប់ដែលនេះជា សក្ខីភាព បញ្ជាក់ពីទឹកចិត្តការស្រឡាញ់របស់បងប្អូន ការដឹងគុណយល់ថានរណាជាអ្នកជួយនៅរួមសុខរួមទុក្ខ មិនចោល មិនរត់ ការពារ និងថែរក្សាបងប្អូន ពិតប្រាកដនោះ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណបងប្អូនខ្មែរឥស្លាមជាង១សែននាក់ ក្នុងខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេសដែលតែងតែគាំទ្រ និងមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ និងបន្តគាំទ្រដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ និងសុខសន្តិភាព៕