(ភ្នំពេញ)៖ ​ខ្សែភាពយន្តខ្នាតធំរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» បានដាក់សម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅផ្សារទំនើបសុវណ្ណា ដោយមានការចូលរួម ពីសំណាក់សិល្បករ-សិល្បការិនិ យ៉ាងច្រើនកុះករ ស្ទើរភ្លូកទឹកភ្លូកដី ផ្អៀងមួយចំហៀងផ្សារទំនើប ខណៈដែលភាពយន្តនេះ ត្រូវបានផលិតករអះអាងថា ចំណាយទុនប្រមាណជិត៥ម៉ឺន ដុល្លារ ដើម្បីផលិតឡើងឲ្យរួចរាល់ជាស្ថាពរ និងមានគុណភាព តម្រូវតាមទីផ្សារ។

ម្ចាស់ផលិតកម្ម​ មហាហង្ស និង​ទើបតែជាប់តំណែង ជាអនុប្រធានសមាគ​ភាពយន្តកម្ពុជា លោក អ៊ិន សុភិន បាននិយាយថា បើរាប់ត្រួសៗទៅ ក្នុងចំណោមខ្សែភាពយន្តធំ នេះគឺជាខ្សែប្រមាណជាង១០រឿងហើយ ដែលបានដាក់ប្រកួតប្រជែង ក្នុងវិស័យភាពយន្តកម្ពុជា ដោយបច្ចុប្បន្ន គេសម្គាល់ឃើញថា មហាជនទូទៅ ក៏ដូចជាយុវវ័យ មានការទំនោរ ចូលចិត្តមើលភាពយន្តបែបស្នេហា កំប្លុកកំប្លែង ឌឺដង​គ្នា ទើបផលិតកម្ម ព្យាយាម​សម្រិតសម្រាំង និពន្ធខ្សែភាពយន្ត តម្រូវទៅតាមចិត្តមហាជន។

សម្រាប់សាច់រឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» និយាយអំពី​ការយល់ច្រឡំគ្នា ការកាច់កុងគ្នា ពីដើមដល់ចប់ មានភាពកំប្លុកកំប្លែងច្រើន បង្កប់ទៅដោយអត្ថន័យចរាចរណ៍ នៅតាមដងផ្លូវ ស្នេហារ៉ូមែនទិចខុសវ័យ រវាងតួឯកស្រី មានអាយុលើស​តួឯកប្រុស​៦ឆ្នាំ ដោយតួឯកប្រុស ជាអ្នកដឹកជញ្ចូនអីវ៉ាន់ ចៃដន្យថ្ងៃមួយ តួឯកប្រុស ចែកអីវ៉ាន់ខុស ក៏បានជួបតួឯកស្រី ចាប់ពីពេលនោះមក ស្នេហាក្រមុំចាស់ ជាមួយក្មេងស្ទាវ ចាប់ផ្ដើម កើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ រឿងបែបយុវវ័យនេះ ត្រូវបានគេដឹងថា ចំណាយដើមទុន​ប្រមាណជិត ៥ ម៉ឺនដុល្លារ ដោយឈុតឆាកខុសប្លែកពីសព្វមួយដង ក៏ដូចជារសជាតិថ្មីមួយបែប មានការកាច់កុង ឌឺដង​គ្នា ធានាថាមិនធ្វើឲ្យមហាជន ដែលចូលចិត្ត តាមដានមើលរឿងស្នេហាឌឺដងគ្នា មិនខុសបំណង​នោះទេ។

ដោយឡែកចំណុចទាក់ទាញ នៅក្នុងរឿងនេះ មានដូចជា បទចម្រៀងពីរោះ ពោរពេញទៅដោយតម្រូវចិត្តយុវវ័យ ជាពិសេស តួឯកប្រុសស្រី ចាប់ដៃគូជាលើកទី​១ លេងស៊ីសង្វាក់គ្នា។ គ្រប់ឈុតឆាកទាំងអស់ នៃផ្ទៃរឿង ថតទៅតាមស្ដង់ដារនៃខ្នាតភាពយន្ត មិនឲ្យលើសពេលវេលា​នោះទេ។ ​ម្យ៉ាងវិញទៀត ចំពោះបច្ចេកទេសនៃការថត បំពាក់ទៅដោយកាមេរ៉ា ដែលអាចបង្ហោះខាងលើអាកាស មើលទិដ្ឋភាពនៅខាងក្រោមបាន យ៉ាងច្បាស់ទាក់ភ្នែក។

ចំពោះចរិតលក្ខណៈនៃតួសម្ដែង នៅក្នុងសាច់រឿង ត្រូវបានជ្រើសរើស តម្រូវទៅតាមកាយវិការនៃចរិតលក្ខណៈតាមធម្មជាតិ របស់​តារាសម្ដែង ប្រុស-ស្រី។

លោក អ៊ិន សុភិន បានបន្តថា «ដោយឡែក សម្រាប់​តារាសម្ដែងក្រមិចក្រមើម សុខ សោម៉ាវត្តី ខ្ញុំគិតថា នាងគឺជាតារាសម្ដែងម្នាក់ ដែលស័ក្តិសមបំផុត សម្រាប់កាន់តំណែង នៅក្នុងរឿង ​ក្រមុំចាស់ប៉ះក្មេងស្ទាវ នេះ ព្រោះ​នាងមានចរិតម្ញិះម្ញក់ ក្រមិចក្រមើម ពូកែសម្ដែងកាយវិការ ធ្វើឲ្យប្រុសៗ បាក់ចិត្តលើនាង រឿងនេះ​បានបញ្ចប់ការថតដោយរលូន ដោយគ្រាន់តែជួបបញ្ហា​​ លំបាកបន្តិចបន្តួច យើងដឹងហើយថា ការថត ត្រូវការពេលវេលា ទាំងយប់​ទាំងថ្ងៃ ក្ដៅ ឃើញថា​ក្រុមការងារយើង ជួបបញ្ហាលំបាក ថតទាំងថ្ងៃក្ដៅ ក៏មាន ប៉ុន្តែពួកគាត់ នៅតែមានទឹកចិត្តសប្បាយរីករាយ ថតជាមួយក្រុមការងារ។

​លោកនិយាយថា «ក្រោមការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត របស់ក្រុមការងារផលិតកម្ម មហាហង្ស ខ្ញុំរំពឹងថា ​រឿងមួយនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរឿងមួយនេះ ផ្ដោតសំខាន់ចំពោះជិវិតយុវវ័យ ដូច្នេះខ្ញុំសង្ឃឹមថា មហាជន ក៏ដូចជាអ្នកគាំទ្រផលិតកម្មមហាជន កន្លងមក នឹងចូលទស្សនា ដោយរីករាយ ព្រមទាំងមានការពេញចិត្ត ពេញថ្លើម ទាំងអស់គ្នា»៕