(ប៉ៃលិន)៖ លោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ នៅមាត់ច្រកទ្វារព្រំដែន បង្កើនការទប់ស្កាត់ ទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (test kit) លើចំណីអាហារបរិភោគ ដែលធ្វើឲ្យប៉ះពាល់ និងបង្កជាក្តីបារម្ភខ្លាំង សម្រាប់ប្រជាពលរដ្ឋ ព្រោះចំណីអាហារ ដែលខូចគុណភាព និងប្រើប្រាស់ជាតិគីមី គឺបានក្លាយទៅឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសារ។
លោក ឈឹម វាសនា បានឲ្យដឹងថា ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាពហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី ព្រមទាំងធ្វើការធ្វើតេស្តបឋម (test kit) នៅតាម មាត់ច្រកនៅពេលនេះ គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ គឺធ្វើដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត នៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ទំនិញដែលមន្រ្តីរបស់លោក តែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ហើយ ប្រតិបត្តិការធ្វើតេស្តបឋម រកសារធាតុគីមី លើចំណីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញ ដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។
លោក ឈឹម វាសនា ក៏បានសំណូមពរ ដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញ ប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្កផលប៉ះពាល់ខ្លាំង សម្រាប់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ឈឹម វាសនា និងក្រុមការងារ ក៏បានចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ជាពិសេសណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ ដែលស្ថិតនៅអនុវិទ្យាល័យផ្សា ព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។
សូមជម្រាបថា ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ លើសុវត្ថិភាពចំណីអាហារនេះ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញផែនការ យ៉ាងក្តៅគគុក ឲ្យមន្រ្តីកាំកុងត្រូលទាំង២៥រាជធានី-ខេត្ត ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម នៅតាមផ្សារនានា ដើម្បីពិនិត្យមើលគុណភាពទំនិញ៕