(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះបានចំអកដល់ជនជ្រុលនិយមមួយចំនួន នៅប្រទេសអូស្រ្តាលី ដែលបានដុតទីងមោង និងរូបថតរបស់សម្តេច។ សម្តេចតេជោបានផ្តាំផ្ញើថា ការដុតដោយប្រើរូបសម្តេចបែបនេះ មិនមានប្រសិទ្ធភាពខាងអបិយជំនឿទេ បើចង់ឱ្យមានប្រសិទ្ធភាពនោះ លុះត្រាតែពួកខ្មែរជ្រុលនិយមនៅក្រៅប្រទេសទាំងនោះ ដុតរូបនាគទាំងអស់ នៅតាមទីវត្តអារ៉ាម។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះសុំផ្តាំទៅ ! ដុតរូបហ៊ុន សែន របៀបហ្នឹងគឺដុតអត់ត្រូវសោះ ដុតខុសហើយ បើចង់ដុតរូប ហ៊ុន សែន ដើម្បីឱ្យហ៊ុន សែន ស្លាប់គឺមានវិធីតែមួយទេ សូមប្រាប់ដោយសារហ៊ុន សែន ឆ្នាំរោង គឺនាគ អញ្ចឹងត្រូវដុតរូបនាគទាំងអស់ តាមវត្តតាមអារ៉ាម ដុតរូបនាគទាំងអស់ អាហ្នឹងគឺងាប់ ហ៊ុន សែន ហើយបើដុតត្រឹមរូបថត អាហ្នឹងអត់ត្រូវ ហ៊ុនសែន ទេ»។
ការចំអករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរ នៅប្រទេសអូស្រ្តាលីមួយចំនួន បានផ្គើននឹងប្រសាសន៍សម្តេច កាលពីថ្ងៃ២១ ខែកុម្ភៈ ដែលបានព្រមានថា នឹងតាមវ៉ៃដល់ផ្ទះតែម្តង ចំពោះអ្នកមានផែនការធ្វើបាតុកម្មប្រឆាំងសម្តេចពេលទៅប្រទេសអូស្ត្រាលី បើសិនជាអ្នកទាំងនោះ ហ៊ានដុតរូបសម្តេច ឬដុតទីងមោងដោយដាក់រូបសម្តេចពេលធ្វើបាតុកម្ម។ ក្រោយមានការលើកឡើងបែបនេះ ក្រុមមាននិន្នាការប្រឆាំងមួយចំនួន បានចាប់ផ្តើមយកទីងមោង និងរូបថតសម្តេច ដុតជាបន្តបន្ទាប់ ដែលជាទង្វើមួយត្រូវបានរិះគន់ដោយពលរដ្ឋនៅក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការយកទីងមោងនិងរូបថតសម្តេចទៅដុតបែបនេះ បែរជាមិនបានធ្វើឱ្យសម្តេចក្តៅក្រហាយអ្វីនោះទេ ប៉ុន្តែបែរជាធ្វើឱ្យរងារស្រួលទៅវិញ ព្រោះបារមីរបស់សម្តេចបានផ្ញើនៅនឹងរូបនាគ នៅទីវត្តអារ៉ាម មិនមែននាគខាងក្រៅនោះទេ ហើយបើគ្រាន់តែយកនាគដុតនៅខាងក្រៅ ក៏មានប្រសិទ្ធភាពដែរ។
សម្តេចបានបញ្ជាក់ថា «គ្រាន់តែធ្វើរូបនាគទៅដុត អាហ្នឹងអត់មានប្រសិទ្ធភាពទេ ព្រោះបារមី ហ៊ុន សែន នៅជាប់ជាមួយនឹងនាគ ដែលនៅក្នុងវត្ត អញ្ចឹងដើរដុតទៅកន្លែងណាដែលមានវត្ត នៅអូស្រ្តាលី ឬនៅប្រទេសដទៃ គឺដើរដុតអាហ្នឹង ឬក៏វ៉ៃកម្ទេចរូបនាគទាំងអស់តែម្តង អាហ្នឹងល្អ។...ប៉ុន្តែណ្ហើយ ! ឆ្កែខាំជើង យើងទៅខាំជើងឆ្កែវិញ ក៏វាពិបាកដែរ ខែព្រុះយើង យើងទៅព្រុះឆ្កែវិញ ក៏វាពិបាកដែរ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពលរដ្ឋគិតគូរអំពីសន្តិភាព ស្ថិរភាព និងយោបាយនៅក្នុងប្រទេស ដែលត្រូវធ្វើយ៉ាងម៉េចឱ្យប្រទេស រីកចម្រើនទៅមុខ ជាជាងគិតរឿងដែលមិនមានផលប្រយោជសម្រាប់ជាតិ៕