(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងពីការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃអគ្គិសនី ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បាននិងកំពុងសិក្សារកលទ្ធភាពមធ្យោបាយ ក្នុងការបញ្ចុះតម្លៃអគ្គិសនី ក្នុងន័យដើម្បីជួយសម្រួល ការចំណាយរបស់ប្រជាពលរដ្ឋ និងការបង្កើតការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។
ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលជាមួយក្រសួងឧស្សាហកម្ម ជាមួយក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា កំពុងរកមធ្យោបាយ ដើម្បីបញ្ចុះថ្លៃភ្លើងបន្ថែមទៀត ការបញ្ចុះថ្លៃភ្លើងនេះ នាំមកនូវផលប្រយោជន៍សំខាន់ សម្រាប់ប្រជាជន និងនាំមកនូវភាពប្រកួតប្រជែង ក្នុងវិស័យដែលត្រូវធ្វើការវិនិយោគនៅកម្ពុជា គ្មានអ្វីល្អជាងរក្សាទុកនូវអ្វី ដែលកំពុងតែមាននៅក្នុងដៃ»។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបញ្ជាក់ថា ចំពោះមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់បៀវត្សមួយឆ្នាំ២ដង គឺនៅខែមករា ដើមឆ្នាំម្តងដែលជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងនៅខែមេសា ត្រូវដំឡើងម្តងទៀត ដែលតំឡើងប្រាក់តួនាទី និងមុខតំណែង។
សម្រាប់បងប្អូនក្នុងវិស័យឯកជនវិញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីវិញ ទទួលបានការបញ្ចុះតម្លៃទឹក តម្លៃភ្លើង ហើយតម្លៃនេះអាចនឹងបញ្ចុះតម្លៃបន្ថែមទៀតនៅពេលខាងមុខ។
របាយការណ៍របស់អាជ្ញាធរអគ្គិសនីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៣មក លើមូលដ្ឋាននៃផ្លែផ្កា ដែលទទួលបានពីការអភិវឌ្ឍន៍ប្រភពអគ្គិសនី និងប្រព័ន្ធបណ្តាញជាតិ ថ្លៃលក់អគ្គិសនីត្រូវបានបន្ថយ នៅតាមតំបន់ផ្គត់ផ្គង់នានា ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ ជាបន្តបន្ទាប់។ នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់ផែនការជាក់លាក់មួយ ក្នុងការបន្ថយថ្លៃអគ្គិសនីប្រចាំឆ្នាំ តាមខួបពីចុងខែមីនានៃឆ្នាំមួយទៅចុងខែមីនានៃឆ្នាំបន្ទាប់ នៅតំបន់ផ្គត់ផ្គង់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ សម្រាប់អនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០។
នៅឆ្នាំ២០១៧ ក្រៅពីការបន្ថយអត្រាថ្លៃធម្មតា ឲ្យលំនៅដ្ឋាន រាជរដ្ឋាភិបាលក៏បានផ្តល់ការអនុគ្រោះថ្លៃ២ប្រភេទ សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានចំណូលទាបបន្ថែមទៀតដែរ ។ ចំពោះអតិថិជនឧស្សាហកម្ម ពាណិជ្ជកម្ម និងរដ្ឋបាលនៅឆ្នាំ ២០១៧ ក៏ត្រូវបានបន្ថយប្រចាំឆ្នាំផងដែរ។ ក្នុងចំណោមអ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេស ២,៤០៩,៩០៧ នាក់ នៅឆ្នាំ ២០១៧ មានអ្នកប្រើប្រាស់ចំនួន ២,៣១៦,៥៩៥ នាក់ ត្រូវជា៩៦.១៣% បានទទួលការបន្ថយថ្លៃអគ្គិសនីតាមផែនការបន្ថយថ្លៃរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីសរុបទាំងអស់ចំនួន៧,៩៦៦លានគីឡូវ៉ាត់ម៉ោង (លានKWh) ក្នុងនោះទិញថាមពលអគ្គិសនី ១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង និងថាមពលក្នុងស្រុកមាន ៦,៤៨៦.២៥លានគីឡូវ៉ាត់ម៉ោង។
ប្រភពអគ្គិសនីដែលអភិវឌ្ឍន៍នៅក្នុងស្រុក បានពីប្រភពដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង ថាមពលកើតឡើងវិញ (ពន្លីព្រះអាទិត្យ) និងប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុប៦,៤៨៦.២៥គីឡូវ៉ាត់ម៉ោង។ ចំណែកប្រភពអគ្គិសនីក្រៅស្រុកដែលនាំចូលពី ប្រទេសវៀតណាម ថៃ ឡាវ សរុប១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង។
រាជរដ្ឋាភិបាលដាក់ចេញផែនការ នៅឆ្នាំ២០២០ ឲ្យប្រជាពលរដ្ឋគ្រប់ភូមិ នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់៕