(តាកែវ)៖ បន្ទាប់ពីបានបញ្ចប់ចុះជួបសួរសុខទុក្ខ មន្រ្តីរាជការទាំង១០ក្រុងស្រុក ទូទាំងខេត្តកាលពីពេលថ្មីៗកន្លងទៅនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចាប់ផ្ដើមបន្តយុទ្ធនាការ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីភូមិ ឃុំ សង្កាត់ទាំង១០០តទៅទៀត ដោយក្នុងរយៈពេលជាង១ខែកន្លងមកនេះ លោកអភិបាលខេត្ត បានចុះតាមភូមិឃុំចំនួន២២ឃុំរួចហើយ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកឡាយ វណ្ណៈ បានថ្លែងថា ក្នុងយុទ្ធនាការចុះជួបបងប្អូនថ្នាក់ដឹកនាំភូមិឃុំ និងក្រុមការងារថ្នាក់ស្រុក ចុះជួយឃុំនីមួយៗ គឺចង់ដឹងពីសុខទុក្ខរបស់មន្រ្តី និងចង់ដឹងពីបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋានព្រមទាំងការអនុវត្តន៍កាងារកន្លងមក ហើយលោកបានធ្វើការណែនាំ ពីរបៀបបធ្វើការ ដើម្បីធ្វើយ៉ាងណា ពង្រឹងកាងាររដ្ឋបាលក្នុងភូមិឃុំ ក្នុងគោលបំណងឲ្យការបំរើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានល្អប្រសើរថែមទៀត។
លោកអភិបាលខេត្តតាកែវ បានបន្តថា កន្លងមកមន្រ្តីនៅតាមមូលដ្ឋាន បានធ្វើការងារបានល្អប្រសើរហើយ ព្រោះតាមរយៈការបោះឆ្នោត ឃុំ-សង្កាត់ កាលពីពេលថ្មីៗកន្លងមកទៅនេះ។ មានប្រជាពលរដ្ឋប្រមាណ៨២ភាគរយ នៅក្នុងខេត្តតាកែវ បានបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច។ «ការគាំទ្ររបស់ប្រជាពលរដ្ឋ គឺមានន័យថា អាជ្ញាធមូលដ្ឋានបានធ្វើកិច្ចការប្រកបដោយការ ទទួលខុសត្រូវ ដោយបានអនុវត្តន៍តាមគោលនយោបាយ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែបានដាស់តឿនឲ្យមន្រ្តីទាំងអស់ មិនត្រូវចាត់ទុកថា ខ្លួនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែត្រូវចាត់ទុកខ្លួនថា ជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋ»។
បើតាមលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ នៅក្នុងយុទ្ធនាការចុះជួបជាមួយមន្រ្តីភូមិឃុំទូទាំង១០០ឃុំសង្កាត់ នៅក្នុងខេត្តតាកែវ លោកក៏បានធ្វើការផ្ដាំផ្ញើឲ្យមន្រ្តីមូលដ្ឋានទាំងអស់ ត្រូវតែចុះអោយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ហើយត្រូវក្ដាប់ឲ្យបានពីបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ហើយត្រូវស្វែងរកដំណោះស្រាយ ទៅលើអ្វីដែលប្រជាពលរដ្ឋបានលើកឡើងប្រាប់អាជ្ញាធ៕