(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់កម្មករ កម្មការិនីដែលថៅកែរត់ចោល កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហានេះ ព្រោះរាជរដ្ឋាភិបាលបានត្រៀមថវិកា ដើម្បីសោះស្រាយរួចរាល់អស់ហើយ។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់លុយបុរេប្រទានប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង៤ពាន់នាក់ ដែលថៅកែរត់ចោល ដោយកម្មករ កម្មការិនីម្នាក់ ត្រូវបើកប្រាក់ប្រមាណ១០០០ដុល្លារ។
ប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចបន្ដជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផ្ដាំទៅកម្មករ កម្មការិនីដែលថៅកែរត់ចោលទាំងឡាយ រាជរដ្ឋាភិបាលបានបុរេប្រទានប្រាក់ប្រមាណ៤លាន៦សែនដុល្លារ ដើម្បីយកទៅបើកផ្ដល់ឲ្យកម្មករ កម្មការិនីដែលថៅកែរត់ចោលនោះឯង»។
បើតាមសម្ដេចប្រមុខនៃរាជរដ្ឋាភិបាល គោលដៅចម្បងដែលត្រូវដោះស្រាយ គឺត្រូវបើកលុយជូនកម្មករ កម្មការិនី ហើយបញ្ហាជាមួយថៅកែរោងចក្រ ឬបញ្ហារឹបអូសសម្ភារៈរោងចក្រ ចាំដោះស្រាយតាមក្រោយ។
សម្ដេចបន្ថែមថា បន្ទាប់ពីបានបើកប្រាក់ខែជូនកម្មករ កម្មការិនីរួចហើយនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវដោះស្រាយបន្ដទៀត គឺរកការងារជូនកម្មករ កម្មការិនីទាំងអស់នោះឡើងវិញ ព្រោះដើម្បីឲ្យពួកគាត់អាចយកចំណូលដោះស្រាយបញ្ហាជីវភាព។
ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញ តាមរយៈអង្គភាព Fresh News លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំពោះមុខលោករដ្ឋមន្រ្តី អ៊ិត សំហេង បានណែនាំមន្ត្រីពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យគណនាទំហំទ្រព្យសម្បត្តិ និងត្រៀមទូទាត់ថវិកាជូនបងប្អូន កម្មករនិយោជិតចាប់ពីសប្តាហ៍ក្រោយនេះតទៅ។
«ដូច្នេះសូមបងប្អូនកម្មករ និយោជិតនៃរោងចក្រទាំង៩ មានភាពហ្នឹងហ្នរ ហើយសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន។ សម្តេចលោក បានចុះជាប់ជាមួយបងប្អូនកម្មករយើងដូច្នេះ លោកបានជ្រាបអំពីស្ថានភាពពិតរបស់បងប្អូនដូច្នេះ លោកនឹងមិនឱ្យបងប្អូនមានការព្រួយបារម្ភលើរឿងនេះទេ»។
បើតាមអ្នកនាំពាក្យរូបនេះ រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវបំពេញបន្ថែមនូវថវិកា ដើម្បីដោះស្រាយ បន្ទុកបៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ របស់បងប្អូនកម្មករនិយោជិត ប្រសិនជាការលក់ឡៃឡុងទ្រព្យសម្បត្តិរោងចក្រ ដែលបិទទ្វារនោះមិនអាច ដោះស្រាយបានគ្រប់ចំនួន។
លោក ហេង សួរ បានបន្ថែមថា ក្រៅពីការផ្តល់នូវថវិកាបុរេប្រទាននេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវយន្តការបន្ថែមដើម្បីទប់ស្កាត់ការរត់ចោលបែបនេះ និងបានកែសម្រួលយន្តការដោះស្រាយ ករណីរោងចក្របិទ្វារ ដោយម្ចាស់រត់ចោលនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន ជាពិសេសការដោះស្រាយក្តីកង្វល់របស់បងប្អូនកម្មករនិយោជិត ដែលធ្វើការនៅតាមរោងចក្រទាំងនោះ៕