(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគរបាលខេត្តរតនគីរី ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រោយពីប្រើវិធានការជំនាញរួច កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់់ព័ន្ធសកម្មភាពប្លន់យកម៉ូតូ និងទូរស័ព្ទដៃពីសិស្សសាលាជនជាតិទំពូន។
ការតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីវេលាម៉ោង១៨៖៣៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០៖៤០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគំរាមប្លន់ប្រើប្រាស់ឧបករណ៍កាំបិតផ្គាក់ និងដាវសាំរ៉ៃ ទៅលើជនរងគ្រោះជាសិស្សមានឈ្មោះ ផ្លិញ វេត ជនជាតិទំពូន ដោយប្លន់យកម៉ូតូម៉ាកវ៉េវពណ៌ព្រីងទុំ គ្មានស្លាកលេខ និងទូរស័ព្ទ១គ្រឿង នៅចំណុចផ្លូវកែង ចំការកៅស៊ូ ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ (បានសម្រេច)។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានប្រាប់បន្តថា បន្ទាប់ពីកម្លាំងប្រើប្រាស់វិធានការជំនាញនោះ កម្លាំងបានឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាម្នាក់ ក្នុងចំណោម២នាក់ រួចបន្តតាមចាប់បានម្នាក់ទៀតទៀត នៅម៉ោង២៤អាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនសង្ស័យទី១៖ ឈ្មោះ ញ៉ ជីវ៉ា អាយុ២១ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង និងទី២៖ ឈ្មោះ ចាន់ ធី អាយុ២០ឆ្នាំ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុងបានលុង។
ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន គឺយកម៉ូតូម៉ាកវ៉េវ១គ្រឿង និងទូរស័ព្ទម៉ាក (HUAWEI)១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបំពេញសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការបន្តទៀត៕