(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រលយឲ្យដឹងថា នៅយប់មិញនេះគ្រឿងសព្វាវុធទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា ហើយបានដឹកយកទៅទុកដាក់រួចរាល់ផងដែរ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកទទួលខុសត្រូវ។
ការព្រលយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាមេបញ្ជាការផុតលេខផ្កាយមាស៥បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសព្វាវុធទាំងនេះ គឺជាទំនិញពិសេសសម្រាប់ជាតិ។ សម្តេចតេជោ មិនបានបង្ហាញថា សព្វាវុធទាំងនោះមានអ្វីខ្លះនោះទេ គ្រាន់តែបានបញ្ជាក់ថាសព្វាវុធទាំងនេះ គឺជាការពង្រឹងនូវមធ្យោបាយការពារជាតិកម្ពុជាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា វិស័យការពារ គឺជាខែលដ៏សំខាន់សម្រាប់ការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពពីការរំលោភបំពាន និងការឈ្លានពានពីបរទេសផងដែរ។ ដើម្បីពង្រឹងវិស័យការពារជាតិនេះ ក្នុងមួយឆ្នាំៗក្រសួងការពារជាតិតែងតែបានជ្រើសរើសកងទ័ព និងបានជ្រើសរើសនិស្សិតវិស័យការពារជាតិនេះច្រើនរូបផងដែរ។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យការពារជាតិ គឺជាវិស័យអាទិភាពមួយរបស់ជាតិ ហើយបានចំណាយថវិកាជាតិជាច្រើនក្នុងមួយឆ្នាំ ដើម្បីពង្រឹងវិស័យដ៏មានសារៈសំខាន់សម្រាប់ជាតិមួយនេះ៕