(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានលើកឡើងថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុប មានទឹកប្រាក់ជិត៣ប៊ីលានដុល្លារអាមេរិក។
យ៉ាងណាមិញ ពាក់ព័ន្ធបញ្ហានយោបាយបច្ចុប្បន្នជាមួយសហភាពអឺរ៉ុប បើទោះជាសភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីបញ្ហាការអនុវត្តលិទ្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ជាមួយនឹងការគម្រាមកំហែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជានោះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប បាននិងកំពុងបន្តវិវត្តន៍ជាធម្មតា។
លោករដ្ឋលេខាធិការ បានបន្តយ៉ាងដូច្នេះថា «ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ ការនាំចេញទំនិញទៅសហភាពអឺរ៉ុប មានទឹកប្រាក់ជិត៣ប៊ីលានដុល្លារអាមេរិក។ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់១២០.១៧លានដុល្លារអាមេរិក សម្រាប់គម្រោងធំៗចំនួន៣។ ទន្ទឹមនឹងនេះ ក្រសួងកំពុងខិតខំជំរុញការចរចាជាមួយ គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី EEC ដើម្បីឈានទៅដល់ការបើកការចរចាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី»។
លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ដោយឡែកនៅក្នុងក្របខ័ណ្ឌអនុតំបន់កិច្ចសហប្រតិបត្តិការមេគង្គដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, មេគង្គ-កូរ៉េ, មេគង្គ-ឡានឆាង, មេគង្គ-គង្គា, គំនិតផ្តួចផ្តើមមេគង្គក្រោមមហាអនុតំបន់មេគង្គ, គណៈកម្មាធិការទន្លេមេគង្គកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV), កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងកិច្ចសហប្រតិបត្តិការក្រមខ័ណ្ឌយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋការអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ក៏បាននិងកំពុងដំណើរការជាធម្មតានោះទេ មិនមានបញ្ហាចោទ ឬរាំងស្ទះឡើយ៕