(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំដាក់បទបញ្ជាអំពីផែនការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវតិ្ថភាពសាធារណៈ ក្នុងឱកាសបុណ្យចូសឆ្នាំប្រពៃណីជាតិខ្មែរ និងការពារការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ និងស្នងការរងរាជធានី-ខេត្ត ទទួលផែនសន្ដិសុខទាំងអស់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា នេះជាបុណ្យជាតិដ៏ធំមួយ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ នឹងធ្វើដំណើរកម្សាន្ដតាមរម្មណីយដ្ឋាន និងតាមវត្តអារាម ដូច្នេះផែនការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជារឿងចាំបាច់បំផុត។ មួយវិញទៀត កិច្ចការពារនៅតាមមូលដ្ឋានក៏មិនត្រូវខ្វះនោះដែរ ព្រោះថា ខ្លាចក្រែងមានករណីណាក៏មួយកើតឡើង ជាយថាហេតុ។
ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវបាននាយឧត្តមសេនីយ៍អគ្គស្នងការ ដាក់បទបញ្ជាទៅថ្នាក់ដឹកនាំ នគរបាលពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងរបស់ខ្លួនទៅតាមគោលដៅ និងទៅអ្វីដូចដែលមានកំណត់ក្នុងផែនការ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ឲ្យនគរបាលទាំងអស់ ត្រូវក្ដោបក្ដាបសភាពការណ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យខាងតែបាន ព្រោះខ្លាចក្រែងមានហេតុអ្វីកើតឡើង ដែលនាំឲ្យរំខានដល់ដំណើរការនៃការបោះឆ្នោត ហើយបើមានបញ្ហាអ្វី ឬសភាពការណ៍អ្វីត្រូវរាយការណ៍ជូនថា្នក់លើជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ ឬបង្ក្រាប។
នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យកងកម្លាំងនគរបាល ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យកិច្ចការ ចូលរួមការពារដំណើរការបោះឆ្នោតនោះ ឆ្លើយតបបានល្អនូវតំរូវការចាំបាច់ នៃការងារតាមគោលដៅនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់៕