(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើអគារមួយ នៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បានរលត់ទាំងស្រុង នៅវេលាម៉ោងជាង១១យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយសមត្ថកិច្ចប្រើអេស្កាវ៉ាទ័រ ដើម្បីវាយកម្ទេចជញ្ជាំងអគារ។ គ្រោះអគ្គិភ័យនេះបានកើតឡើងអស់ប្រមាណជិត១០ម៉ោង ដោយបានឆាបឆេះ អគារមួយជាកន្លែងម៉ាស្សា និងស្នាក់នៅរបស់បុគ្គលិកស្ទើរតែស្រុង ស្ថិតនៅខាងក្រោយអគារខារ៉ាអូខេធំ នៅខាងមុខ។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា សម្រាប់ប្រតិបត្តិការ បាញ់ពន្លត់គ្រោះអគ្គិភ័យដ៏កំណាចនេះ កម្លាំងសមត្ថកិច្ចបានប្រើទឹកអស់ចំនួន១៥៩ជើង ក្នុងចំណោមរថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន៣៤គ្រឿង ដែលត្រូវបានបញ្ជូន ទៅបាញ់អន្តរាគមន៍។
បើតាមរបាយការណ៍របស់នាយការិយាល័យរូបនេះ បានឲ្យដឹងយ៉ាងដូច្នេះថា
*រថយន្តពន្លត់អគ្គិភ័យមកពីក្រសួងមហាផ្ទៃមានចំនួន៤គ្រឿង
*រថយន្តពន្លត់អគ្គិភ័យមកពីការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន២១គ្រឿង
*រថយន្តពន្លត់អគ្គិភ័យមកពីក្រុមហ៊ុន OCIC ជ្រោយចង្វារចំនួន៥គ្រឿង
*រថយន្តពន្លត់អគ្គិភ័យមកពីទីបញ្ជាការដ្ឋានអាវុធហត្ថចំនួន៣គ្រឿង
*រថយន្តពន្លត់អគ្គិភ័យមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង។ ដូច្នេះសរុបរថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន៣៤គ្រឿង និងបានប្រើប្រាស់ទឹកអស់១៥៩ឡាន។
លោក ព្រហ្ម យ៉ត បានបន្ថែមថា នៅពេលជួយបាញ់ពន្លត់អគ្គិភ័យនេះ មន្រ្តីនគរបាលពន្លត់អគ្គិភ័យរបស់លោកចំនួន២រូប បានរងរបួស និងសន្លប់ ប៉ុន្តែនៅពេលនេះបានដឹងខ្លួនហើយ។
សូមបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏កំណាច់នេះ កម្លាំងសមត្ថកិច្ចប្រើរយៈពេលប្រមាណ៧ម៉ោង ពោលគឺឆេះចាប់តាំងពីម៉ោងជិត៤ល្ងាច រហូតដល់ម៉ោងជាង១១យប់ និងប្រើប្រាស់ឡានទឹកអស់រាប់សិបគ្រឿង។
ភ្នាក់ងារ Fresh News ដែលប្រចាំការយកព័ត៌មានតាំងពីហេតុការណ៍ដំបូង រហូតដល់ចប់បានរាយការណ៍ថា មូលហេតុបឋមដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង បើទោះបីជាមន្រ្តីជំនាញ និងអាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុពិតប្រាកដក៏ដោយនោះ។
សម្រាប់ប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអាជ្ញាធរ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ។
សម្រាប់ទំហំ នៃការខូចខាតវិញនោះ អគារដែលរងការឆាបឆេះបានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។ បើតាមលោក ព្រហ្ម យ៉ត សម្រាប់ការខូចខាតវិញ គឺសម្ភារនៅក្នុងអគារ តែមិនទាន់ដឹងពីតម្លៃសរុបនៅឡើយទេ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាក់ថា នៅថ្ងៃនេះកម្លាំងនគរបាលខាងពន្លត់អគ្គិភ័យ និងអាជ្ញាធរពាក់ព័ន្ធ បានបន្តចុះទៅសួរនាំបន្ថែមពាក់ព័ន្ធនឹងមូលហេតុពិតប្រាកដ និងតម្លៃនៃការខូចខាតផងដែរ៕