(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយឲ្យការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈទទួលបានប្រសិទ្ធភាពខ្ពស់។ ដើម្បីបង្កើនសមត្ថភាពចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី «បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS» សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត។
លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានលើកឡើងថា ប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្ដូររបៀបរបបធ្វើការងារ ដោយចំណេញទាំងពេលវេលា ធនធាន និងផ្ដល់តម្លៃបន្ថែមដល់ការងារផ្នែកវិភាគ និងការគ្រប់គ្រងលើសមិទ្ធផល ហើយប្រព័ន្ធនេះ នឹងជួយបង្វែរការងារបច្ចុប្បន្នដែលផ្ដោតតែលើប្រតិបត្ដិការហិរញ្ញវត្ថុ ទៅជាការងារដែលឈរលើអភិក្រមនៃការរៀបចំផែនការ និង វិភាជន៍ធនធាន, ការវាស់់វែង និង តាមដានសមិទ្ធកម្មតាមថវិកាកម្មវិធី ដែលនឹងបង្កលក្ខណៈដល់ការពង្រឹងការបែងចែកធនធានបម្រើដល់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាព និងចំទិសដៅ ព្រមទាំងនាំមកនូវផលិតភាពខ្ពស់សម្រាប់កម្ពុជា ជាពិសេស នឹងជួយលើកកម្ពស់លទ្ធភាពនៃឧត្ដមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និង នៅលើឆាកអន្ដរជាតិ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ។
លោកលេខាធិការ ក៏បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចអនុម័តលើ «សេចក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨ -២០២៥» ដែលមានគោលដៅយ៉ាងជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិកម្មនៃការត្រួតពិនិត្យការបើកផ្តល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ ទន្ទឹមនេះដើម្បីដោះស្រាយបញ្ហាប្រឈមនៃការចុះហត្ថលេខា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្តីពី «ហត្ថលេខាឌីជីថល» ដើម្បីគ្រប់គ្រង និងជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលនៅកម្ពុជា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ដែលនេះសបញ្ជាក់កាន់តែច្បាស់ថា ប្រព័ន្ធ FMIS នៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងជាឧបករណ៍តែមួយគត់ពុំអាចខ្វះបាន ដើម្បីធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និង គណនេយ្យភាពទាំងផ្នែកចំណូល និងចំណាយថវិកា។
«វឌ្ឍនភាពជាវិជ្ជមាននេះ គឺជាកាតាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យឈានទៅសម្រេចបានតាមចក្ខុវិស័យប្រាកដនិយម នៅឆ្នាំ២០២៥ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល និងវិម្ឈការស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍អន្តរជាតិ»។ លោក ហ៊ាន សាហ៊ីប បញ្ជាក់បន្ថែម។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ការអនុវត្តប្រព័ន្ធ FMIS បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពជឿទុកចិត្តបាននៃថវិកា, ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលបានធ្វើឲ្យស្ថានភាពនៃការអនុវត្តថវិកាត្រូវបានផ្លាស់ប្តូរពី «ការបង្គរបំណុលសាច់ប្រាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មកជាការជម្រះបំណុលសាច់ប្រាក់ទាំងស្រុង និងការសន្សំសាច់ប្រាក់ឱ្យមានអតិរេកពីមួយឆ្នាំទៅមួយឆ្នាំ» ធ្វើឱ្យការបើកផ្តល់បានទាន់ពេលវេលាទៅតាមកម្មវិធិចំណាយ និងប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ ការងារចាំបាច់សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត គឺត្រូវបង្កើនការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោង, ពង្រឹងសមត្ថភាពមន្រ្តី និង ត្រៀមខ្លួនទទួលក្រុមការងារគ្រប់គ្រងគម្រោង FMIS យ៉ាងជិតស្និទ្ធបំផុត ដើម្បីសិក្សា និង រៀបចំកែលម្អនីតិវិធីអនុវត្តការងារបច្ចុប្បន្នឱ្យបានសមស្រប និងកាត់បន្ថយនីតិវិធីដែលមិនផ្តល់តម្លៃបន្ថែម ព្រមទាំងចូលរួមគ្រប់ព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាលនានា ដែលនឹងរៀបចំឡើងដោយក្រុមការងារ និង សហការណ៍ល្អជាមួយរតនាគាររាធានី-ខេត្តក្នុងការផ្លាស់ប្តូរបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោង FMIS នេះ។
បើតាមលោក ហ៊ាន សាហ៊ីប កម្មវិធី FMIS នេះ មានគោលដៅសំខាន់ៗចំនួន៣រួមមាន៖
១៖ ផ្តល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្នើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងទទួលបាននូវសមិទ្ធកម្មការងារខ្ពស់ដោយបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និងបច្ចេក-វិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ ព្រមទាំងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
២៖ បញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS, នីតិវិធីអនុវត្តការតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវជ្រាប និងស្វែងយល់ឲ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ។
៣៖ បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរនិងវិភាគឲ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែក និងសកម្មភាពនីមួយៗឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ៕