(ភ្នំពេញ)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកស្រី ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបញ្ចុះខ័ណ្ឌសីមាសម្ពោធឆ្លងព្រះវិហារ វត្តខ្មែរលុម្ពិនី ស្ថិតនៅក្នុងប្រទេសនេប៉ាល់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ពិធីនេះបានប្រារព្ធរួមគ្នាសម្រាប់ការសម្ពោធសមិទ្ធផលនានា ក្នុងវត្តខ្មែរចំនួន ៧ទៀត ដែលស្ថិតនៅប្រទេសឥណ្ឌា ដោយមានការនិមន្តចូលរួមពីសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ផងដែរ។
វត្តខ្មែរលុម្ពិនី បានសាងសង់លើផ្ទៃដីទំហំ២ហិចតា ដែលបានទទួលសម្បទានរបស់រដ្ឋាភិបាលនេប៉ាល់ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ជាង អ៉ឹងងួន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្រុងញូដេលី ក្នុងទស្សវត្សរ៍ឆ្នាំ២០០៤។ វត្តខ្មែរលុម្ពិនី បានចាប់ផ្តើមកសាងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៦ ដោយបានសាងសង់រួចរាល់នូវសមិទ្ធផលជាច្រើន សម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា និងបានចំណាយថវិកាអស់ចំនួន២,៥៧៦,៥០០ដុល្លារ។
ក្នុងនោះមហាឧបាសិកា ប៊ុន សៀងលី ត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារបានចូលបច្ច័យចំនួន១៥,០០០ដុល្លារ ក្នុងការកសាងព្រះវិហារតាមរយៈលោក គ្រី ទូច។
ព្រះតេជព្រះគុណ ពឿយ មេត្តា ព្រះរាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដីកាថា សុខសន្តិភាពរបស់ប្រទេសកម្ពុជា មិនត្រឹមតែបានធ្វើឲ្យ វិស័យព្រះពុទ្ធសាសនារីកចម្រើន នៅកម្ពុជាប៉ុណ្ណោះទេ។ ក្នុងនាមជាប្រទេសមួយដែលបានគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន កម្ពុជាបានចូលរួមថែរក្សា ប្រតិបត្តិ និងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនានៅក្រៅប្រទេសទៀតផង។ ការកសាងវត្តអារាមខ្មែរ នៅប្រទេសនេប៉ាល់ ប្រទេសឥណ្ឌា និងនៅតាមប្រទេសនានា ដែលមានពលរដ្ឋខ្មែររស់នៅ គឺកើតចេញពីការរីកចម្រើនសុខសន្តិភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ពិសេសសម្តេចនាយករដ្ឋមន្រ្តី។
លោក SAROS BHARTARAI ប្រធានមូលនិធិអភិវឌ្ឍលុម្ពិនី ព្រមទំាងសហគមន៍ខ្មែរ នៅប្រទេសនេប៉ាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក ហ៊ុន ណេង និងលោកស្រី ដែលជាតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ និងការសម្ពោធសមិទ្ធផលនានានៅក្នុងឱកាសនេះ។
ជាមួយការនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងជូនចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរទំាងអស់ ដែលបានចូលរួមកម្មវិធីនេះ លោក ហ៊ុន ណេង បានថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខាភិបាល និងបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម នៅគ្រប់ទីកន្លែងផងដែរ។
លោកបន្តថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពុទ្ធសាសនា ចាប់តំាងពីឆ្នាំ១៩៧៩មក។ លោកថា «ព្រះវិហារ និងសមិទ្ធផលនានា ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក កំពុងតែបង្ហាញរូបរាងបែបសិល្បៈ វប្បធម៌ខ្មែរនៅទឹកដីពុទ្ធភូមិ និងបានបង្ហាញពីភាពរឹងមាំ នៃចំណងមិត្តភាពជាអមតៈរវាងប្រជាជាតិទាំងបី កម្ពុជា នេប៉ាល់ និងឥណ្ឌា»។
សមិទ្ធផល និងសកម្មភាពទាំងអស់នេះ បានធ្វើឲ្យប្រជាជាតិទាំងបី ដែលមានជំនឿសាសនាទំនៀមទម្លាប់ស្រដៀងគ្នា មានទំនាក់ទំនងកាន់តែល្អរឹងមាំថែមទៀត ហើយតាមរយៈលទ្ធផលទាំងអស់នេះ គឺជាមោទនភាពដ៏ធំធេងរបស់ពលរដ្ឋទាំងអស់គ្នា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យសម្រេចបាននូវជោគជ័យជាផ្លែផ្កាគួរជាទីមោទនៈ។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ណេង។
លោក ហ៊ុន ណេង ក៏បានប្រគេនបច្ច័យចំនួន៣០ម៉ឺនដុល្លារ សម្រាប់ទុកការកសាងសមិទ្ធផលក្នុងវត្តបន្ថែមទៀត និងបំពាក់គ្រឿងឥស្សរិយយស ប្រគេនជូនព្រះសង្ឃ និងសប្បុរសជន និងទស្សនាពិព័រណ៍សមិទ្ធផលរបស់វត្តខ្មែរលុម្ពិនី និងវត្តខ្មែរទាំង៧ នៅប្រទេសឥណ្ឌាផងដែរ។
សូមបញ្ជាក់ផងដែរថា វត្តខ្មែរនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌានេះ ដឹកនាំកសាងដោយ ព្រះតេជគុណ ពឿយ មេត្តា ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនទៀត ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៤មក ដោយចំណាយថវិកាអស់ប្រមាណជាង៩លានដុល្លារ៕