(ភ្នំពេញ)៖ លោក ខូវ មករា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ពេលនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទាញយក Facebook Page ផ្លូវការ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកគ្រប់គ្រងវិញបានហើយ។
លោក ខូវ មករា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានគ្រប់គ្រង Facebook page of MPTC (ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) វិញហើយ»។
សូមជម្រាបថា Facebook Page ផ្លូវការ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានគេដឹងថា ជាស្ថាប័នរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជានោះ ត្រូវបានជនអនាមិក លួច (Hack) យកទៅគ្រប់គ្រងចាប់តាំងពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨មក ពោលមានរយៈពេល៥ថ្ងៃគត់។
សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះ Facebook របស់ស្ថាប័នរដ្ឋ ឯកជន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលមួយចំនួន ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង និងបង្ហាញព័ត៌មានមួយចំនួន៕