(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គម Facebook បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងៗចំពោះសង្ឃ ប៊ុត ប៊ុនតិញ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះចេស្តាព្រះមហាក្សត្រខ្មែរ ដែលជាទង្វើមួយធ្វើឱ្យពលរដ្ឋគ្រប់គ្នាទទួលយកមិនបានឡើយ ហើយវាជាទង្វើញុះញង់រើសអើងពូជសាសន៍ផងដែរ។
ប្រតិកម្មខ្លាំងៗរបស់ប្រជាពលរដ្ឋ បានធ្វើឡើងបន្ទាប់ពីសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាអង្គព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែលផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
សង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។
យុវជនរតនៈ ជាអ្នកលេង Facebook បានខមមិន ដៀលត្មិះដល់សង្ឃ ប៊ុត ប៊ុនតិញថា ជាសង្ឃខ្លួនខ្មៅ ចិត្តខ្មៅ និងមានបបូរមាត់ខ្មៅ។ យុវជននេះនិយាយថា «សង្ឃស្បែកខ្មៅ ឆ្អឹងខ្មៅ ចិត្តខ្មៅ បបូរមាត់ក៏ខ្មៅ តែមានរសជាតិឆ្ងាញ់សម្រាប់ពួកប្រឆាំង»។
ដោយឡែកបុរសម្នាក់ទៀតឈ្មោះ ដូឡា បានហៅសង្ឃ ប៊ុត ប៊ុនតិញថា កំពុងតែធ្វើឱ្យខូចដល់តម្លៃព្រះសង្ឃផ្សេងៗទៀត ដែលគោរពប្រនិបត្តិតាមព្រះពុទ្ធឱវា។ លោកនិយាយថា «សូមកុុំប្រើពាក្យព្រះសង្ឃ នាំឲ្យខូចឈ្មោះព្រះសង្ឃទូទៅ. នេះជាបព្វជិតឆ្កួតលីលាម្នាក់ប៉ុណ្ណោះ»។
ដោយឡែកក្រុមយុវជនស្រឡាញ់សន្តិភាព បានទាមទារឱ្យសមត្ថកិច្ចចាប់ព្រះសង្ឃនេះ ដាក់ពន្ធនាគារ ដោយសារតែបានប្រព្រឹត្តខុសនឹងច្បាប់ធ្ងន់ធរចំពោះការប្រមាថព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។
ការប្រមាថរបស់សង្ឃ ប៊ុត ប៊ុនតិញ គឺជាទង្វើញុះញង់រើសអើង ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។
វិសោធនកម្មច្បាប់នេះ បានចែងយ៉ាងដូច្នេះថា៖ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕