(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានហៅសង្ឃ ប៊ុត ប៊ុនតិញ ថាជាសង្ឃក្លែងក្លាយហើយកំពុងបំផ្លិចបំផ្លាញដល់បាវចនារបស់កម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងពិតប្រាកដ និងអំពាវនាវឲ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាអង្គព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ។
នៅក្នុងកិច្ចសម្ភាសមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកសង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។
ឆ្លើយតបនឹងការប្រមាថនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិ ដ៏សំខាន់របស់ជាតិសាសន៍ខ្មែរ ប៉ុន្តែនៅបច្ចុប្បន្ននេះ មានសង្ឃក្លែងក្លាយ ប៊ុត ប៊ុនតិញ កំពុងធ្វើនូវសកម្មភាពបំផ្លាញបាវចនាជាតិខ្មែរយ៉ាងព្រៃផ្សៃបំផុតបុគ្គល ប៊ុនតិញ នេះបំផ្លាញសាសនាព្រះពុទ្ធមិនអស់ចិត្ត ថែមទាំងងាកមកបំផ្លាញកិត្តិយស ព្រះមហាក្សត្រខ្មែរទៀត។ សង្ឃដែលគ្មានពុទ្ធវិន័យនៅក្នុងខ្លួននេះ ខាងក្រសួងធម្មការត្រូវតែចាត់ការតាមផ្លូវច្បាប់ មិនត្រូវបណ្តោយឲ្យបុគ្គលមួយនេះដើរបំផ្លាញសាសនាព្រះពុទ្ធ និងបន្ថោកតម្លៃអង្គព្រះមហាក្សត្រទៀតនោះទេ»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សដែលទទួលបានប្រជាប្រិយភាពគួរសមពីមហាជន បានបន្តទៀតថា «បុគ្គលពាល ប៊ុត ប៊ុនតិញ សម្ងំលាក់ខ្លួនក្រោមទង់សាសនាព្រះពុទ្ធ គឺដូចទៅនឹងទេវទត្តដែលជាសង្ឃក្លែងក្លាយ ចាំតែបំផ្លាញព្រះពុទ្ធ ដូច្នេះសង្ឃក្លែងក្លាយ ប៊ុត ប៊ុនតិញ គឺជាទេវទត្តនៅក្នុងសម័យនេះ គ្មាននរណាអាចសង្រ្គោះបានឡើយ។ ហើយទង្វើររបស់បុគ្គល ប៊ុត ប៊ុនតិញ ដែលបានប្រមាថអង្គព្រះមហាក្សត្រខ្មែរយើង គឺជាទង្វើរដ៏អាក្រក់បំផុតដែលរាស្រ្តខ្មែរទូទាំងនគរមិនអាចទទួលយកបាន»។
ប្រជាពលរដ្ឋខ្មែរ បានហៅការប្រមាថរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានឡើយ និងទង្វើញុះញង់រើសអើងពូជសាសន៍ ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។
វិសោធនកម្មច្បាប់នេះ បានចែងយ៉ាងដូច្នេះថា៖ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕