(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ចុះមកដល់ទឹកដីខេត្តកំពង់ស្ពឺ សម្តេចបានរំលឹកពីចក្ខុវិស័យក្នុងការពង្រីកសក្តានុពលវិស័យឧស្សាហកម្ម ដែលសម្តេចបានមើលឃើញកាលពីទសវត្សរ៍ឆ្នាំ៩០។ សម្តេចបានរំលឹកថា ក្នុងរង្វង់ឆ្នាំ១៩៩៥-១៩៩៦ មានការទាស់សម្តីគ្នារវាងសមាជិករដ្ឋជាមួយសម្តេចរឿងបណ្តោយឲ្យប្រជាពលរដ្ឋលក់ដីតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។
* សម្តេចថ្លែងថា មានអ្នករិះគន់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៤ និងលេខ៣។ សម្តេចបន្តថា មិនគួរព្រួយបារម្ភរឿងលក់ដីរបស់កសិករទេ ព្រោះថា បើបន្តយកដីនោះធ្វើស្រែមួយហិកតាចិញ្ចឹមបានតែ៤ទៅ៥នាក់ ប៉ុន្តែបើក្លាយទៅជារោងចក្រ សហគ្រាស គឺអាចចិញ្ចឹមមនុស្សបាន ៥ពាន់នាក់ ឬច្រើនជាងនេះ។ រីឯកសិករលក់ដី ក៏អាចលក់ដីមួយហិកតា ទៅទិញដីបានរាប់សិបហិកតា។
* សម្តេចតេជោ ថ្លែងថា ចក្ខុវិស័យដែលសម្តេចបានមើលឃើញកាលពី២០ឆ្នាំមុន បាននិងកំពុងក្លាយទៅជាការពិត។ សម្តេចនាយករដ្ឋមន្ត្រីថា ចក្ខុវិស័យវែងឆ្ងាយដែលសម្តេចបានដាក់ចេញ មិនមែនផ្តល់ផលប្រយោជន៍ទៅដល់រូបសម្តេចនោះទេ តែបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋជាពិសេសការលើកកម្ពស់ជីវភាពរបស់ពួកគាត់តែម្តង។
* សម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសឲ្យជំនួយការ រដ្ឋមន្ត្រី អភិបាលខេត្ត រឿងធ្វើរបាយការណ៍ជូនសម្តេចពេលចុះជួបជាមួយកម្មករ កម្មការិនី នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាព្រឹកនេះ ដោយមិនបានបញ្ជាក់ឲ្យច្បាស់ពីភូមិ ឃុំ។ សម្តេចតេជោ បានចាត់ទុកថា កាយវិការនេះគឺជាការខ្ជិលច្រអូសមួយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាមិនបានបែងចែកតំបន់ប្រាក់ឈ្នួលអប្បបរិមាដូចបណ្តាប្រទេសមួយចំនួននោះទេ ពោលធ្វើការក្នុងវិស័យរោងចក្រសហគ្រានានា គឺទទួលបានប្រាក់ឈ្នួលអប្បបរិមាដូចៗគ្នាទោះនៅទីក្រុង ឬនៅតាមទីជនបទក៏ដោយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ខេត្តកំពុងស្ពឺ ជាពិសេសតំបន់ឱរ៉ាល់ក៏ជាតំបន់ប្រយុទ្ធគ្នាដ៏ស្រួចស្រាវមួយផងដែរ ហើយទើបតែបានបញ្ចប់ទាំងស្រុងនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ប៉ុណ្ណោះ ដែលជាការអនុវត្តន៍ជំហ៊ានដំបូងនៃនយោបាយឈ្នះឈ្នះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នឹងត្រូវធ្វើពិធីរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ ដោយមានការសម្ពោធវិមានឈ្នះឈ្នះផងដែរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលថា នយោបាយឈ្នះឈ្នះនោះហើយ បានធ្វើឲ្យបញ្ចប់សង្គ្រាមនាំមកនូវរោងចក្រ សហគ្រាសផ្តល់ការងារ ជូនប្រជាពលរដ្ឋខ្មែររហូតដល់ពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងណាស់ដើម្បីអភិវឌ្ឍន៍ជាតិកម្ពុជា ជាពិសេសទប់ស្កាត់ក្រុមពួកឧក្រិដ្ឋកម្ម ដែលចង់បំផ្លាញនូវសុខសន្តិភាព។
* សម្តេចនាយករដ្ឋមន្ត្រីថា ច្បាស់ណាស់មានអ្នកមិនពេញចិត្ត តែអ្វីដែលរាជរដ្ឋាភិបាលមិនមែនបំពេញចិត្តមនុស្សមួយក្រុមនោះទេ តែជាការបំពេញចិត្ត និងដើម្បីប្រយោជន៍របស់ ប្រជាពលរដ្ឋទូទាំងប្រទេស។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកកម្មករ កម្មការិនីថា គ្មានអ្វីប្រសើរជាងការការពារអ្វីដែលកំពុងមានក្នុងដៃកុំឲ្យវាបាត់ទៅវិញ។ របស់មានក្នុងដៃដែលសំខាន់ជាងគេនោះ គឺសុខសន្តិភាពនេះតែម្តង។
* សម្តេចនាយករដ្ឋមន្ត្រីផ្តាំទៅខ្មែរនៅក្រៅប្រទេសថា ការដុតរូបសម្តេចដោយត្រឹមតែភ្ជាប់រូបថតមិនមានប្រសិទ្ធភាពនោះទេ។ សម្តេចថ្លែងថា បើចង់មានប្រសិទ្ធភាពត្រូវទៅដុតរូបនាគនៅតាមវត្ត ព្រោះតែសម្តេចមានឆ្នាំកំណើតជាឆ្នាំរោង។
* តែទោះជាយ៉ាងណាសម្តេចបានបញ្ជាក់ថា សម្តេចមិនតបតជាមួយក្រុមអ្នកដុតរូបសម្តេចនោះទេ ដោយសម្តេចបានលើកឡើងថា បើឆ្កែខាំជើងហើយ ទៅខាំឆ្កែវិញក៏មិនកើតដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថៅកែ និងកម្មករ កម្មការិនីថា ដើម្បីមានសុខដុមនៅក្នុងរោងចក្រ ត្រូវតែមានការសាមគ្គីយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
* សម្តេចនាយករដ្ឋមន្ត្រីរំលឹកទៀតថា ការប្រមាថមើលងាយលើកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាស មិនគួរកើតមាននោះឡើយ។ សម្តេចក៏បានបង្ហាញភាពសប្បាយរីករាយផងដែរ ចំពោះការដាក់ចេញនូវនយោបាយរបស់សម្តេចដោយបានកាត់បន្ថយច្រើននូវជម្លោះនៅក្នុងវិស័យការងារ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កូនៗរបស់សម្តេចមិនមែនជាពូជអ្នកផឹកនោះទេ។ ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកស្អប់ត្រកូលសម្តេចបង្ហោះលើ Facebook ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចជាមនុស្សពូកែផឹកស្រា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងពាក់ព័ន្ធកំពុងសិក្សារកលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនី ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ និងដើម្បីភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មផងដែរ។
* សម្តេចតេជោ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា មិនគួរគិតតែពីរឿងដូរៗដោយមិនមានការថ្លឹងថ្លែងនោះទេ ព្រោះតែការដូរមិនមានគិតគូរនេះហើយទើបធ្វើឲ្យមានការរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីប្រមុខរដ្ឋ ហើយចុងក្រោយត្រូវធ្លាក់ចូលរបបវាលពិឃាត។
* សម្តេចបានរិះគន់ថា ក្រុមបក្សប្រឆាំងសូម្បីតែបង្គន់មិនដែលបានធ្វើផងនៅតែចង់ដូរ ខណៈដែលសម្តេចសាងសង់សាលា និងសាងសមិទ្ធិផលជាច្រើនដើម្បីជាតិបែរជាមិនចង់រក្សា។
* សម្តេចតេជោ ហ៊ុន សែន បានព្រលយថា ប្រទេសមួយត្រូវតែមានវិស័យការពារជាតិរឹងមាំ។ សម្តេចបានព្រលយថា ទំនិញពិសេសពាក់ព័ន្ធសព្វាវុធជាង ១ម៉ឺនតោនកំពុងដឹកមកកម្ពុជា។
* សម្តេចតេជោ បានផ្តាំទៅកម្មករ កម្មការិនី ដែលមានករណីថៅកែរត់ចោល កុំឲ្យមានការព្រួយបារម្ភទៀត ព្រោះរាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់បុរេប្រធានប្រមាណ ៤.៦លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាជូនពួកគេហើយ។
* សម្តេចតេជោ ហ៊ុន សែន សុំឲ្យនៅតាមរោងចក្រ សហគ្រាសទាំងអស់ត្រូវរួមសាមគ្គីគ្នា ពោលថៅកែត្រូវចេះយោគយល់អាធ្យាស្រ័យចំពោះកម្មករ កម្មការិនី ហើយកម្មករ កម្មារិនី ក៏ត្រូវប្រឹងប្រែងធ្វើការងារផងដែរ។
* សម្តេចតេជោ បានស្នើអាជ្ញាធរយកចិត្តទុកដាក់សុខទុក្ខរបស់កម្មករ កម្មការិនី សម្តេចបានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់សម្តេច និងរាជរដ្ឋាភិបាលទាំងមូល។
* សម្តេចតេជោ បានបន្តថា ក្រៅពីការជំរុញវិស័យកសិកម្ម កម្ពុជាក៏ត្រូវជំរុញវិស័យឧស្សាហកម្ម និងវិស័យសេវាផងដែរ ដែលជាវិស័យដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា។
* សម្តេចតេជោ ថ្លែងថា កុំខ្វល់ប្រទេសណាគេគិតអ្វីពីកម្ពុជា ព្រោះពេលកម្ពុជារងការកាប់សម្លាប់ដោយប៉ុលពត គ្មានប្រទេសណាមើលឃើញពីភាពវេទនារបស់ពលរដ្ឋកម្ពុជានោះឡើយ។
* សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាសមាជិកអង្គការសហប្រជាជាតិ ដូច្នេះមិនមែនកម្ពុជាត្រូវការតែគេនោះទេ គេក៏ត្រូវការកម្ពុជាគាំទ្រពួកគេពេលមានការសម្រេចចិត្តផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះកម្ពុជា ក៏ជាសមាជិកអាស៊ានផងដែរ ដែលមានប្រទេសជាច្រើនត្រូវការកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករ កម្មការិនី ព្រមទាំងឪពុក ម្តាយរបស់ពួកគេទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចបន្តដឹកនាំប្រទេសទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានហៅការអំពាវនាវរបស់ក្រុមអតីតបក្សប្រឆាំងមិនឲ្យទៅបោះឆ្នោត គឺជារឿងឆោតល្ងង់ និងខុសឆ្គងធ្ងន់ណាស់ខាងផ្នែកយុទ្ធសាស្រ្ត។ សម្តេចតេជោ ថ្លែងថា អ្នកដែលស្តាប់តាមការអំពាវនាវរបស់មេដឹកនាំអតីតបក្សប្រឆាំង គឺមានតែអ្នកស្អប់គណបក្សប្រជាជន ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅតែបន្តទៅបោះឆ្នោតដដែល ដូច្នេះគណបក្សប្រជាជននៅតែបន្តឈ្នះឆ្នោតដដែល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖៣៤នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕