(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ខ្លួន នៅទីស្ដីការក្រសួងការបរទេស។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមដោយថ្នាក់ដឹងនាំ និងមន្ត្រីរបស់ក្រសួងការបរទេស ក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាមួយចំនួនទៀតផងដែរ។
បើតាមសេចក្តីប្រកាស «សន្និបាតប្រចាំឆ្នាំ២០១៨» នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។ អំឡុងសន្និបាតនេះ ក្រសួងការបរទេស នឹងពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា ក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅការទូត ឆ្នាំ២០១៨។ វាគ្មិនសំខាន់ៗ ពីក្រសួងនានា នឹងត្រូវបានអញ្ជើញមកធ្វើបទបង្ហាញដែលនឹងលើកកម្ពស់ចំណេះដឹងប្រតិបត្តិ ពង្រីកកម្រិតវិភាគ និងការយល់ដឹងច្បាស់លាស់ ដល់អ្នកការទូតកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធិភាព និងការពាររាជរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ។
សេចក្តីជូនដំណឹង ក្រសួងការបរទេស បានឲ្យដឹងបន្តថា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសុន្ទរកថា បិទកម្មវិធីសន្និបាត ដ៏សំខាន់នេះ ផងដែរ៕