(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា នៅម៉ោងប្រហែល៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានឃាតកម្មដ៏សាហាវមួយកើតឡើង នៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ «លីដា ខ្មែរម៉ាស្សា» នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយស្ត្រីម៉ាស្សាម្នាក់ ត្រូវជនល្មើសសម្លាប់ ដេកស្លាប់ក្នុងថ្លុកឈាម។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តរូបនេះ បានបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង។
លោកបន្ថែមថា ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលកំពុងស្រាវជ្រាវបន្ត ដោយសហការជាមួយ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ជាមួយស្នងការនគរបាលខេត្តកំពត និងជាមួយនាយកដ្ឋាននគរបាលយុត្តិធម៌ ដើម្បីស្វែងរកចាប់ជនល្មើស៕