(ភ្នំពេញ)៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិក្នុងការទិញសំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឲ្យ
ចំណេញពេលវេលា និងមានភាពងាយស្រួលផងនោះ គ្រឹះស្ថានអង្គ គ្រោងនឹងដាក់ឲ្យដំណើរការការលក់សំបុត្រតាមប្រព័ន្ធ Online នៅត្រីមាសទី២ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរអណត្តិទី១ លើកទី៧ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
កិច្ចប្រជុំ ក្រុមប្រឹក្សាភីបាលគ្រឹះស្ថានអង្គរអណត្តិទី១ លើកទី៧នេះ ធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍។
ក្រៅពីគ្រោងនឹងដាក់ឲ្យដំណើរការ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរតាមប្រព័ន្ធ Online អង្គប្រជុំនោះក៏បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការគ្រប់គ្រងរបស់គ្រឹះស្ថានក្នុងឆ្នាំ២០១៧ ដែលក្នុងនោះគ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរអន្ដរជាតិចំនួន២.៤៥លាននាក់ និងមានកើនឡើង១១.៨% បើធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៦ និងទទួលបានចំណូលសរុបចំនួន១០៨ លានដុល្លារអាមេរិក កើនឡើង៧២.៥%បើធៀបនឹងឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានធ្វើការវាយតម្លៃទៅដល់គ្រឹះស្ថានអង្គរ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាថ្មី និងសម្រួលដល់ការផ្ដល់សេវា លក់បណ្ណជូនភ្ញៀវទេសចរអន្ដរជាតិ ឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការលក់បណ្ណឲ្យកាន់តែប្រសើថែមទៀត។ គ្រឹះស្ថានអង្គរបានដាក់ឲ្យដំណើរការ នូវការទូទាត់ការទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអេឡិចត្រូនិកពីខែសីហា ឆ្នាំ២០១៧មក ដែលភ្ញៀវទេសចរអន្ដរជាតិអាចប្រើប្រាស់បណ្ណឥណទាន (Credit Card) ឬបណ្ណឥណពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB, និង Diners Club ជាដើម។
ដើម្បីបង្កើប្រសិទ្ធភាពនៃការផ្ដល់សេវាការលក់ប័ណ្ណឲ្យកាន់តែប្រសើរឡើងថែមទៀតនោ គ្រឹះស្ថានអង្គរក៏បានកំពុងធ្វើទំនើបកម្មប្រព័ន្ធលក់បណ្ណរបស់ខ្លួនឲ្យកាន់តែទំនើបថែមទៀត ស្របតាមស្ដង់ដារអន្ដជាតិ ដែលនឹងអាចផ្ដល់តួលេខនៃការលក់បណ្ណបានភ្លាមៗ (Real-time) សម្រាបជាការបង្ហាញនូវភាពច្បាស់លាស់នៃ ការគ្រប់គ្រងទិន្នន័យ ធានាបានតម្លាភាព និងគណនេយ្យភាពផងដែរ។
ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហា ហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ថវិកាឧបត្ថម្ភបន្ថែមជូដល់មូលនិធិគន្ធបុប្ផា ដោយប្រើប្រាស់ចំណូលទទួលបានពីការតម្លើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំពោះភ្ញៀវទេសចរបរទេសក្នុងម្នាក់២ដុល្លារ ជូនមូលនិធិគន្ធបុប្ផា។ ក្នុងឆ្នាំ២០១៧ នេះក៏បានឧបត្ថម្ភទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានចំនួន៤.៣៤លានដុល្លារអាមេរិក។
ក្នុងនោះដែរលោករដ្ឋមន្រ្ដីទាំង២ ក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ គ្រឹះស្ថាន និងក្រុមប្រឹក្សាភិបាល ឲ្យបន្ដការយកចិត្តទុកដាក់លើការងារ គ្រប់គ្រង ប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែល្អប្រសើថែមទៀត៕