(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោង១០យប់នេះ សមត្ថកិច្ចបានសម្រេចយកអេស្កាវ៉ាទ័រ មកវាយកម្ទេចអគារនៃមជ្ឈមណ្ឌលកម្សាន្ដ Rock ដើម្បីបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅខាងក្នុង។
ភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានរាយការណ៍ថា ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនៅយប់នេះ គេឃើញមានវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅកន្លែងហេតុដើម្បីបញ្ជាប្រតិបត្តិការនេះ។
សេចក្ដីរាយការណ៍បញ្ជាក់ថា អណ្ដាតភ្លើងកំពុងតែបន្ដយ៉ាងសន្ធោសន្ធៅនៅខាងក្នុងអគារ ដែលធ្វើឲ្យសមត្ថកិច្ចកំពុងតែជួបការលំបាកមែនទែន ពោលគឺមិនបាញ់ដល់ទីតាំងដែលកំពុងតែឆេះនោះទេ។
សូមជម្រាបថា អគ្គិភ័យនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចាប់តាំងពីវេលាម៉ោងប្រមាណជិត៤ល្ងាច ពោលគឺគិតត្រឹមម៉ោងជិត៩នេះ មានរយៈពេល៦ម៉ោងហើយ ដែលអគ្គិភ័យកំពុងតែវាយប្រហារ អគារនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន ដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីគ្រប់គោលដៅដើម្បីបាញ់ពន្លត់។
បើតាមសេចក្ដីរាយការណ៍ មូលហេតុបឋមដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង។
សម្រាប់ទំហំ នៃការខូចខាតវិញនោះ អគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។ នៅក្នុងហេតុការណ៍នេះ ក៏មានមន្រ្តីពន្លត់អគ្គិភ័យម្នាក់ បានសន្លប់ផងដែរ ក្រោយពេលទៅជួយអន្តរាគមន៍៕