(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក CFOCN បានជីក និងកាយដីដើម្បីកប់ខ្សែកាប្លិ៍ បានប៉ះជាមួយខ្សែបញ្ជូនចរន្តអគ្គិសនី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា តំបន់ដែលបានដាច់ចរន្តអគ្គិសនីដោយសារកាយដីរបស់ក្រុមហ៊ុន CFOCN រួមមាន៖ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ភូមិប៉ប៉្រកខាងជើង និងខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើទោះបីជាយ៉ាងណាមកដល់ម៉ោង ៧៖៣៣នាទីយប់ថ្ងៃដដែលចរន្តអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញហើយ បន្ទាប់ពីក្រុមការងារអគ្គិសនីបានខិតខំតភ្ជាប់ជួសជុល និងតភ្ជាប់ខ្សែបណ្តាញឡើងវិញទាំងញាប់ដៃញាប់ជើង។
អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕