(កណ្តាល)៖ ទោះបីជាការបាក់ស្រុតច្រាំងទន្លេនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង បណ្តាលមកពីកត្តាផ្សេងយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមពោធិ៍និរន្តយ៍ ទើបតែមកធ្វើអាជីវកម្មបូមខ្សាច់បាន ត្រឹមតែ២ថ្ងៃក្តី បានចូលរួមជាមួយក្រសួងរ៉ែ និងថាមពល ដោយទទួលបូមខ្សាច់ចាក់លុបនៅចំណុចច្រាំងទន្លេ កំពុងបាក់ស្រុតធ្វើជើងទេ លែងឲ្យបាក់ស្រុតបន្តទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ កំពុងប្រឈម និងបញ្ហាបាក់ស្រុតនោះ សប្បាយចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ក្រសួង និងក្រុមហ៊ុនផងដែរ។
លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនកំពុងបូមចាក់លុបនោះថា ចំពោះប៉ះពាល់ប្រជាពលរដ្ឋ ទោះបីមកពីកត្តាអ្វីក៏ដោយ ប៉ុន្តែចំណុចសំខាន់នោះ គឹយើងត្រូវរកវិធានការទប់ស្កាត់ និងសង្គ្រោះសិន ធ្វើយ៉ាងណាជួយពលរដ្ឋរងគ្រោះពីធ្ងន់មកស្រាល ពីស្រាលទៅគ្មានធ្វើឲ្យពួកគាត់រស់នៅបានសុខ។
លោកបានបន្តទៀតថា ការបាក់ស្រុតច្រាំងទន្លេនេះ បណ្តាលមកពីនៅខែទឹកតម្លើង គឺទឹកហូរបុកច្រាំងនៅចំណុចបាក់ស្រុតនេះ ព្រោះបាតទន្លេមានសភាពគោករ៉ាកជាង ម្យ៉ាងវិញទៀត ក៏មានជម្រាបទឹកចេញពីក្រោមដី ដែលធ្វើឲ្យសើមងាយនិងរងការបាក់ស្រុតបំផុត។
លោកបានបន្តថា ការបាក់ស្រុតច្រាំងទន្លេនេះ ក្រសួងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែយើងរកដំណោះស្រាយ និងដោះស្រាយជាដំណាក់កាល ចំពោះបញ្ហាដែលយើងកំពុងដោះស្រាយនេះ គឺយើងត្រូវដោះស្រាយជាបន្ទាន់ចំពោះមុខ បើយើងដោះស្រាយមិនទាន់ផ្ទះពលរដ្ឋនៅចំណុចនេះអាចបាក់ស្រុតជាមិនខាន។ ប៉ុន្តែពេល នេះក្រុមហ៊ុនបានបូមខ្សាច់ទម្លាក់ រហូតគោករ៉ាក់មានជើងទេត្រឹមត្រូវហើយ ដូច្នេះច្រាំងនៅចំណុចនេះវាលែងបាក់ស្រុតទៀតហើយ។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមពោធិ៍និរន្តយ៍ ដែលបានចំណាយខ្សាច់ជាច្រើនទុកជួយបូមចាក់ធ្វើជើងទេច្រាំងទន្លេនៅចំណុចបាក់ស្រុតនេះ។
លោក ស៊ឹម សុខា ជាប្រជាពលរដ្ឋរស់នៅចំណុចបាក់ស្រុត នៃច្រាំងទន្លេនោះបាននិយាយថា នៅចំណុចបាក់ស្រុតនេះកាលពីឆ្នាំ២០១៨ ឬ២០១៧ មានទូកអនាធិបតេយ្យមកលួចបូមជាញឹកញាប់ ចំណែកក្រុមហ៊ុនជាក់ស្តែង ទើបតែមកធ្វើសកម្មភាពបូមបាន២ថ្ងៃប៉ុណ្ណោះ ដូច្នេះក្រុមនេះគាត់ជាអ្នករងគ្រោះទេ។
លោកបានបន្តថា ម្យ៉ាងវិញទៀតនៅចំណុចបាក់ស្រុតនេះ មានរណ្តៅជនជាតិឥស្លាម សម្រាប់ដាក់សម្រាសចាប់យកត្រី ដូច្នេះក៏វាអាចកើតឡើងដោយបញ្ហារណ្តៅសំរាស់នេះផងដែរ។
អ្នកស្រី ទ្រី ធារា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋចំនួន៩គ្រួសារ ក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលបានរងគ្រោះ និងគម្រាមគំហែងផ្ទះសម្បែងដោ
យសារការបាក់ច្រាំងទន្លេនេះ បានសម្តែងនូវការសាទរថា អ្នកស្រីពិតជាមានសេចក្តីត្រេកអរណាស់ នៅពេលដែលឃើញក្រសួងបានចុះមកអន្តរាគមន៍ ដឹកខ្សាច់មកចាក់ទម្លាក់ នៅតាមច្រាំងទន្លេដែលបានកំពុងបាក់ស្រុតនេះ ហើយក៏សូមសំណូមពរឱ្យអាជ្ញាធរ និងមន្ត្រីជំនាញមេត្តាជួយដោះស្រាយជូននូវផលប៉ះពាល់ ដែលបណ្តាលមកពីការបាក់ស្រុតច្រាំងទន្លេនេះផង។
តំណាងក្រុមហ៊ុនពោធិនិរន្តរ៍ បានប្រាប់ដែរថា បន្ទាប់ពីមានសំណូមពរពីក្រសួងក្រុមហ៊ុន របស់លោកបានដឹកខ្សាច់ចំនួន២០ទូកហើយ យកមកចាក់បំពេញដើម្បីទប់ជើងទេច្រាំងទន្លេ ដែលបានបាក់ស្រុតនេះ ហើយនឹងបន្តជួយទៀតទាល់តែអាចធានាបានថាលែងបាក់ស្រុតបន្តទៀត៕a