(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបអំពីករណីបោកប្រាស់មួយ ដោយប្រើប្រាស់រូបភាពបង់រំលោះបុរី នៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ករណីបោកប្រាស់នេះ បានកើតឡើងនៅក្នុង ប៉ែកខាងភ្នំពេញថ្មី ប៉ុន្តែលោកថា ករណីនេះគឺមានតែ១ករណីប៉ុណ្ណោះ។
ថ្លែងក្នុងពិធីបិទសន្និបាទរបស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជា សុផារ៉ា បានបញ្ជក់ថា៖ «មានចំណុចតូចមួយ គាត់ប្រកាសលក់បុរីដែរ ប៉ុន្តែដីនោះ គឺដីគេសោះ។ ប្រកាសលក់បុរី មានលើកប៉ាយ អស់ត្រឹមតែ២០០ដុល្លារ លក់ប្រមូលលុយអស់ហើយ តែដីនោះ ដីចិនសុទ្ធ។ ក្រៅពីនោះ មិនមានទេ មានតែម្នាក់ហ្នឹងទេ។ ដោះស្រាយរឿងនេះ គឺពិបាក»។
លោកទេសរដ្ឋមន្រ្តី មិនបានបញ្ជាក់អំពីឈ្មោះអ្នកឆរបោនោះឡើយ ប៉ុន្តែលោកបានពន្យល់ថា ភាគច្រើននៃអ្នកចាញ់បោកចំពោះការទិញបុរីនេះ ច្រើនតែអ្នកមានលទ្ធភាពស្រាវជ្រាវតិចតួច ហើយឆាប់ជឿនូវ ការឃោសនា។ លោកពន្យល់ថា អ្នកបោកនោះ បានដាក់លក់បុរីថោក ហើយអ្នកទិញឃើញគេលក់ថោកក៏បង់លុយ ប៉ុន្តែដល់ពេលបង់បានត្រឹម៣០ភាគរយ អ្នកឆរបោក ក៏រត់បាត់តែម្តង។
ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់ថា ករណីនេះកើតឡើងតែមួយប៉ុណ្ណោះ ចំណែកឯអ្នកលក់បុរីពិតប្រាកដ មានច្រើនស្ទើតែទាំងអស់។ លោកចាត់ទុកថា ការចូលរួមរបស់សមាគម ក្រុមហ៊ុនអចលនទ្រព្យ គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា៕