(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធាននោះ បានរៀបចំពិធីជប់លាងដ៏ធំ ជាមួយសមាជិក សមាជិការបស់ខ្លួន ព្រមទាំងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឥស្សរជននានា អ្នកមុខអ្នកការ និងអ្នករកស៊ី ព្រមទាំងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។
ពិធីជប់លាងយ៉ាងសប្បាយរីករាយនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា បន្ទាប់ពីបញ្ចប់សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨។ សូមបញ្ជាក់ថា សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអាជ្ញាធរដែនដី រួមទាំងតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើនទៀត។
លោកឧកញ៉ា លី ហួរ បានថ្លែងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ មិនថានៅទីក្រុងភ្នំពេញ សូម្បីតែ នៅតាមបណ្តាខេត្តនានា គឺជាវាលស្រែ ឬដីដែលបោះបង់មិនសូវមានតម្លៃ ត្រូវបានប្រែក្លាយជាដីមានតម្លៃហើយពោរពេញដោយសំណង់ អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ដែលមានលក្ខណៈទំនើបៗ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹក និងមានប្រព័ន្ធអគ្គិសនី រួមចំណែកលើកកំពស់ជីវភាពប្រជាជនរស់នៅសមរម្យ ផ្តល់ឲ្យនិស្សិតមានការងារធ្វើ រួមចំណែក ក្នុងការជួយចំណូលរដ្ឋាភិបាល តាមរយៈការបង់ពន្ធលើវិស័យអភិវឌ្ឍន៍លំនៅឋាន ហើយការបង់ពន្ធលើវិស័យនេះស្ថិតនៅ ចំណាត់ថ្នាក់ខ្ពស់ បន្ទាប់ពីវិស័យឧស្សាហកម្ម និងវិស័យពាណិជ្ជកម្មផ្សេងទៀត ជួយរុញកំណើនសេដ្ឋកិច្ចជាតិ និងបានលើកកំពស់កិត្តិយសមុខមាត់កិត្យានុភាពជាតិកម្ពុជា ចំពោះអន្តរជាតិផងដែរ ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលស្គាល់ថា កម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យគួរជាទីមោទនៈភាពបំផុត៕