(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធូររលុងក្នុងការចេញ បណ្ណបើកបរ ក៏ជាដើមចមនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីច្រើនផងដែរ។ លោករដ្ឋមន្ត្រីបានស្នើមន្ត្រីគ្រប់គ្រងលើការចេញបណ្ណ និងការប្រឡងបើកបរត្រូវរឹតបន្តឹងឲ្យបានតឹងរឹងលើការចេញបណ្ណបើកបរនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំនេះ ក្រៅពីការណែនាំឲ្យរឹតបន្តឹងលើការចេញបណ្ណបើកបរហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បា ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ និងបណ្ណសម្គាល់យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចររបស់បងប្អូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្តត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើការរៀបចំលិខិតបទដ្ឋានដែលតម្រូវឲ្យយានយន្តដឹកទំនិញ និងរថយន្តធុនធំ ត្រូវមានបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ។
ទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងការកោតសរសើរសមាជិក សមាជិកាគណៈកម្មាធិការ ក៏ដូចជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីកម្ពុជាគ្មានរថយយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កម្រិតកំណត់។
យោងតាមរបាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរខែមករា-កុម្ភៈ ឆ្នាំ២០១៨ បានកើតឡើងចំនួន ៥២៩លើក បណ្តាលឲ្យស្លាប់ ១៦៨នាក់ និងរបួស ៧៤៤នាក់ ប្រៀបធៀបនឹងខែមករា-កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់បានថយចុះចំនួន ៨១លើក ស្មើនឹង១៣%៕