Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌដូនពេញ បន្តបញ្ចេញកណ្តាប់ដែកចុះបង្ក្រាបទីតាំងហ្គេម កន្លែងពង្វក់ក្មេងសិស្សសាលា មិនចូលរៀនសូត្រ និងអាចជាសំបុកបទល្មើស

27-02-2018 19:39

(ភ្នំពេញ)៖ ទីតាំហ្គេមបាញ់ត្រីខ្លះ នៅតាមមូលដ្ឋានក្នុងខណ្ឌដូនពេញ នៅតែលួចបើកលេង បើទោះបីជាអាជ្ញាធរ តែងតែចាត់វិធានការជាបន្តបន្ទាប់ ដោយទីតាំងទាំងនេះ បានពង្វក់ក្រុមក្មេងសិស្សសាលា និងអាចជាប្រមូលផ្តុំទៅដោយបទល្មើស ក្នុងនោះភាគច្រើនជាគ្រឿងញៀន។

ជាក់ស្តែង នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំងអាជ្ញាធរ ចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន២កន្លែង ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋមកនោះ។

លោក ចាប ឌីណា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌថា «បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា ទីតាំងខាងលើមានហ្គេមបាញ់ត្រី រហូតមានក្មេងសិស្សសាលាទៀត នោះ លោកអភិបាលខណ្ឌ សុខ ពេញវុធ បានបញ្ជាឲ្យចុះទៅបង្ក្រាបជាក់ស្តែងតែម្តង»។

បើតាមនាយករដ្ឋបាលរូបនេះ សម្រាប់ប្រតិបត្តិការចុះទៅបង្ក្រាប កម្លាំងអាជ្ញាធរបានរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន២ ហើយនៅពេលលោកចុះបង្ក្រាបនោះ សង្កេតឃើញមានក្មេងសិស្សសាលា បានចូលលេង ដោយមិនបានទៅចូលរៀននោះឡើយ។

ជាមួយគ្នានេះ លោក ចាប ឌីណា បានបន្ថែមថា អាជ្ញាធរនឹងបញ្ចេញកណ្តាប់ដៃដែក ចំពោះការចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ហើយក៏សូមអំពាវនាវដល់ពលរដ្ឋតាមមូលដ្ឋាន​សូមរាយការណ៍មក អាជ្ញាធរ នៅពេលដឹងថា ទីណាមានបទល្មើសទាំងនេះ៕