(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យក្រុមគ្រូពេទ្យ ជាពិសេសក្មួយទើបតែចូលមកបម្រើការងារ ត្រូវតែខិតខំរៀនសូត្រជំនាញវិជ្ជាជីវៈ មានសីលធម៌ សុជីវធម៌ល្អ ជាពិសេសពាក្យសម្តីទៅកាន់អ្នកជំងឺឲ្យបានសមរម្យ ដោយរក្សានូវតម្លៃ កិត្តិយស និងភាពថ្លៃថ្លូរបស់ខ្លួន។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាស៊ីន អឹម អ អាយ (MRI) និងម៉ាស៊ីនឆ្លុះក្រពះ ទំនើបថ្មី ព្រមទាំងបន្ទប់ប្រតិបត្តិការម៉ាស៊ីន តាមស្តង់ដារវេជ្ជសាស្ត្រសាកល ដែលទើបរៀបចំតម្លើងរួច តាមរយៈការវិនិយោគ របស់ក្រុមហ៊ុន XGY ប្រទេសចិន សហការជាមួយ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ដោយឡែកលោក កៅ ដេជាង នាយកក្រុមហ៊ុន XGY បានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តការ ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការបម្រើសេវា សុខភាព ជូនប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមនោះរួចមក លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ ចំពោះលោក កៅ ដេជាង ដែលបាននាំយក នូវម៉ាស៊ីន អឹម អ អាយ (MRI) និងម៉ាស៊ីនឆ្លុះក្រពះ ទំនើបថ្មីសម្រាប់វិនិយោគ ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដែលជាតម្រូវការចាំបាច់ ក្នុងការពិនិត្យ និងព្យាបាលសុខភាពប្រជាពលរដ្ឋ។ លោកបានឲ្យដឹងថា ម៉ាស៊ីននេះពិតជាមានសារៈសំខាន់ ក្នុងការពិនិត្យសុខភាពអ្នកជំងឺ ទៅតាមបច្ចេកវិទ្យាសាស្ត្រទំនើប ដែលកន្លងមក អ្នកជំងឺជាច្រើនបានទៅពិនិត្យ និងព្យាបាលនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតចេញទៅក្រៅ ប្រទេសដោយចំណាយធនធាន និងពេលវេលាជាច្រើន។
លោកបានបន្ថែមទៀតថា ឥឡូវយើងមានឧបករណ៍ទំនើប និងមានគ្រូពេទ្យជំនាញ សង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងខេត្ត មកពិនិត្យកាន់តែច្រើន ដើម្បីកាត់បន្ថយចំណាយ ថវិកា និងពេលវេលា បានមួយកម្រិត។ ទោះបីជាឧបករណ៍នេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ដែលមានជាង១ម៉ឺនគ្រួសារ និងមនុស្សជាង៤៨ម៉ឺននាក់ ក៏ពិតមែន ក៏ប៉ុន្តែជាបណ្តើរៗ អាចនឹងពង្រីកទៅតាមបណ្តាស្រុកទៀត ដែលតម្រូវទាមទានូវធនធាន សមត្ថភាព និងជំនាញវិជ្ជាជីវៈ របស់គ្រូពេទ្យ ទើបប្រើប្រាស់ឧបករណ៍ទាំងនោះ ប្រកបដោយប្រសិទ្ធិភាព។
លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ចាប់តាំងឆ្នាំ២០១៥ មន្ទីរសុខាភិបាលខេត្តបានគ្របដណ្តប់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យចំនួន៤ មណ្ឌលសុខភាព៤០ និងប៉ុស្តិ៍សុខភាពចំនួន៣។ ចំពោះមន្ទីរពេទ្យបង្អែកខេត្ត មានគ្រែចំនួន២០២ មានបុគ្គលិក១២២នាក់ ដែលបាននឹងកំពុងបម្រើសេវាពិគ្រោះជំងឺមនុស្សចាស់ និងកុមារ។ ជាលទ្ធផលសម្រាប់ឆ្នាំ២០១៧ ក្នុងការពិគ្រោះជំងឺបានជាង១៤ពាន់នាក់ និងស្ត្រីសម្រាលកូនបាន១៩៥៥នាក់។ ជំងឺដែលដើរតួសំខាន់ជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ រលាកពោះវៀន ក្រពះ ទងសួត និងភ្នែកឡើងបាយជាដើម។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តទទួលដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋនៅសាលាខេត្តពោធិ៍សាត់ ក្នុងនាមលោក ជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីដោះស្រាយភ្លាមៗ និងទាន់ពេលវេលាក្នុងការចូលរួមចំណែកក៏ដូចជាចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។
គួរបញ្ជាក់ថា អឹម អ អាយ (MRI) និងម៉ាស៊ីនឆ្លុះក្រពះ គឺបច្ចេកវិទ្យាថ្មី ជឿនលឿន ដែលមានសមត្ថភាពស្កែនរូបភាព ដោយប្រើដែនម៉ាញ៉េទិក ក្នុងការស្កែនលើគ្រប់សរីរាង្គមនុស្សបានឆាប់រហ័សផ្តល់រូបភាពកាន់តែច្បាស់ល្អ និងលម្អិតជាអតិបរិមា៕