(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ព្រះរាជអាជ្ញា និងអាជ្ញាធរខណ្ឌចំការមន បានចុះបិទតាំងខារ៉ាអូខេ កូឡូសូ «Coloso» ក្រោយបែកធ្លាយវីដេអូនារីម្នាក់ រាំស្រាតដ៏ស្រើបស្រាល ជាមួយភ្ញៀវចូលច្រៀងនៅទីនោះ។
នៅថ្ងៃទី២៧ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាឥស្សរជនម្នាក់ មានភាពមមាញឹកជាទីបំផុត លើការលេងបណ្តាញសង្គមមួយនេះ បានបង្ហោះខ្លឹមសារនៅលើ Account Facebook របស់លោក ដោយឌឺដងចំពោះចំណាត់ការ ចុះបិទខារ៉ាអូខេ។ លោកចាត់ទុកថា ខឹងគោបែរជាទៅវាយរទេះទៅវិញ។ បើទោះបីខ្លឹមសារទាំងមូលរបស់លោករដ្ឋមន្រ្តី គ្មានឃ្លាណា ឬពាក្យណាបង្ហាញឲ្យចំចំពោះករណីនេះក៏ពិតមែន ប៉ុន្តែគេអាចវាយតម្លៃយ៉ាងច្បាស់ថា លោករដ្ឋមន្រ្តីបានសម្តែងទៅលើបញ្ហាដ៏កក្រើកមួយនេះ។
នៅលើ Account Facebook នាល្ងាចថ្ងៃនេះ លោក ខៀវ កាញារីទ្ធ បានបង្ហោះថា «សូមទោសជាមុនដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុស តែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង?»។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងខារ៉ាអូខេ កូឡូសូ ដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលមានការរាំអាស់អាភាស រហូតដល់បិទតែម្តង។
បើតាមលោក ព្រុំ សំខាន់ ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុចូលរួមជាមួយក្រុមការងារចម្រុះរួចហើយ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចបិទបន្ទប់ខារ៉ាអូខេ ចំនួន៣៤បន្ទប់ ចាប់ពីម៉ោង២៣៖០០យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជាបណ្តោះអាសន្ន ហើយក្រុមការងារបានបញ្ចប់ការងារ ដោយបានបិទកំណត់ហេតុនៅនឹងបន្ទប់ខារ៉ាអូនខេ ចំនួន៣៤បន្ទប់នេះ ដោយបញ្ចប់នៅវេលាម៉ោង០១៖៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ វីដេអូឃ្លឹបបង្ហាញពីការរាំស្រាត បែបអាសអាភាស មួយត្រូវបានគេចែកចាយ តាមរយៈបណ្តាញសង្គម ហើយវីដេអូនោះ គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ។
បើតាមអ្នកដឹងរឿងខ្លះបានឲ្យដឹងថា នារីម្នាក់នេះមិនមែនជាបុគ្គលិកដែលបម្រើការងារជាប្រចាំ នៅក្នុងខារ៉ាអូខេនេះទេ ដោយក្រុមភ្ញៀវដែលជាអ្នករកស៊ីឈើ និងមន្រ្តីនគរបាលនោះ បានហៅមកពីខាងក្រៅ ឲ្យចូលទៅច្រៀងលេងកម្សាន្តជាមួយ រហូតបញ្ចេញសកម្មភាពរាំស្រាតល្វែងលើទាំងអស់តែម្តង៕