(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទន្ទឹមនឹងលទ្ធផលគាប់ប្រសើរដែលទទួលបាន. វិស័យទេសចរណ៍កម្ពុជា យើងក៏នៅបញ្ហាមួយចំនួនកើតឡើងជាមួយគ្នានោះដែរ ជាក់ស្ដែងដូចទន្លេមេគង្គកម្ពុជាជាដើម ដែលបច្ចុប្បន្នកំពុងមានសក្ដានុពលទេសចរណ៍ខ្ពស់ តែយើង ក៏នៅមិនបង្កើតបានផលិតផលទេសចរណ៍សំបូរបែបសំរាប់ទាក់ទាញកំណើនទេសចរបានច្រើននៅឡើយ។

ការថ្លែងបែបនេះ ត្រូវបានធ្វើក្នុងឱកាសបើកសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨
អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ទោះបីជាការដឹកជញ្ជូនតាមផ្លូវទឹក សម្រួលបានប្រសើរជាបន្តបន្ទាប់ គោលដៅសម្រាប់ទេសចរណ៍នាវាសមុទ្រដ៏ទាក់ទាញ ប៉ុន្តែកម្ពុជាក៏នៅខ្វះខាតកំពង់ផែទេសចរណ៍ខ្នាតតូច នៅតាមបណ្តាខេត្តតំបន់ឆ្នេរ និងដងទន្លេមេគង្គ។ ម្យ៉ាងទៀត កម្ពុជានៅមិនទាន់មានកំណើនទេសចរ នៅតាមដងទន្លេមេគង្គនៅឡើយ ខណៈដែលសក្តានុពលទេសចរណ៍តាមដងទន្លេនៅកម្ពុជា មានសក្តានុពលខ្ពស់»

លោកបានបន្តថា វិស័យទេសចរណ៍កម្ពុជា កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា ការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាភាគច្រើនលើសលប់គឺជាលក្ខណតំបន់ ពិសេសពីតំបន់អាស៊ានបូក៣ ប៉ុន្តែពុំទាន់មានការតភ្ជាប់ពីប្រទេសឥណ្ឌា និងពីប្រទេសឥណ្ឌូនេស៊ីនៅឡើយ រីឯការហោះហើរត្រង់ ពីតំបន់គោលដៅឆ្ងាយៗពុំទាន់មាននៅឡើយ។ ការសម្រួលបែបបទក្នងការធ្វើដំណើរនិងដឹកជញ្ជូនទេសចរ
នៅតែមានបញ្ហាប្រឈម ដោយនូវមានរបាំងមិនចាំបាច់១ចំនួន នានា ដូចជា ការសម្រួលបែបបទនិមុត្តនា ការសម្រួលសម្រាប់ប្រភេទទេសចរបើកបរដោយខ្លួនឯង (self driving)ដែលបច្ចុប្បន្ននេះ អាស៊ានកំពុងលើកទឹកចិត្តទេសចរប្រភេទនេះ។

លោកបន្ថែមថា ខណៈដែលកម្ពុជាសម្បូរទៅដោយធនធាន និងសក្តានុពលធនធានធម្មជាតិ និងវប្បធម៌ កម្ពុជាមានសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍
ប្រកបដោយភាពសម្បូរបែបបម្រើឱ្យភ្ញៀវទេសចរ ដែលទាមទារឱ្យមានការវិនិយោគឯកជន និងវិនិយោគសាធារណៈ ពិសេសនៅតាមគោលដៅទេសចរណ៍អាទិភាពទាំង៤ ឱ្យបានសមស្របទៅនឹងកំណើនភ្ញៀវទេសចរទាំងបរិមាណ និងគុណភាព។

ជាមួយគ្នានោះ កម្ពុជាក៏នៅមិនទាន់បានរៀបចំ និងផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (gastronomy tourism) ឲ្យបានខ្លាំងនៅឡើយ ហើយដែលថ្មីៗនេះ អាស៊ានបាននិងកំពុងយកចិត្តទុកដាក់ជំរុញហើយ ដែលផលិតផលប្រភេទនេះ កម្ពុជាពិតជាមានសក្តានុពល ហើយដែលសម្តេចតេជោនាយករដ្ដមន្ត្រី តែងក្រើនរំលឹកជារឿយៗ៕