(ភ្នំពេញ)៖ សៀវភៅកំណត់ត្រាជិត៣០០ទំព័រស្តីអំពី «ការរលាយបក្សសង្គ្រោះជាតិ» ត្រូវបានបោះពុម្ពចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សៀវភៅនេះ លាតត្រដាងរបត់នយោបាយរយៈពេល៣ឆ្នាំចុងក្រោយ របស់អតីតបក្សសង្គ្រោះជាតិ ចាប់ពីចុងឆ្នាំ២០១៥ ពោលគឺក្នុងដំណាក់កាលរួបរួមផង ការប្រជែងផ្ទៃក្នុងបក្សផង និងរហូតបក្សនេះត្រូវបានរំលាយតាមផ្លូវច្បាប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សៀវភៅកំណត់ត្រានេះ ចងក្រងដោយអ្នកតាមដានព្រឹត្តិការណ៍នយោបាយមួយក្រុម ក្នុងនោះមានឈ្មោះ សេនាជាតិ ជាតិរុងរឿង ស្រីស និស្សិត និងប្រជាជន ហើយក្រុមនិពន្ធបានរៀបចំតាមកាលប្បវត្តន៍នៃការវិវត្តន៍សភាពការណ៍នយោបាយតាមដំណាក់កាល ការលាតត្រដាងនូវព័ត៌មាន បែកធ្លាយផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ និងបញ្ចូលការវិភាគនយោបាយផងដែរ។
សៀវភៅកំណត់ត្រា បានវាយតម្លៃថា ការរលាយបក្សសង្គ្រោះជាតិ គឺមានទាំងកត្តាផ្ទៃក្នុងនិងកត្តាខាងក្រៅ។ កំណត់ត្រាបានសរសេរថា នយោបាយរបស់ កឹម សុខា និង សម រង្ស៊ី គឺប្រៀបដូចជា ក្រមួន និង ភ្លើង ដែលមិនអាចចូលគ្នាបាន ហើយតែងតែសម្លាប់គ្នាទៅវិញទៅមក។ មានន័យថា បើក្រមួន ចូលជិតភ្លើង គឺក្រមួន នឹងរលាយ។ បើក្រមួន រលាយភ្លើងក៏រត់តាមដែរ។ ទីបំផុតរលាយទាំងពីរ។ លើសពីនេះ ការរលាយបក្សសង្គ្រោះ ក៏នាំដល់ ការរលាយ៣យ៉ាងធំគឺ៖ រលាយជីវិតនយោបាយ សម រង្ស៊ី, រលាយជីវិតនយោបាយ កឹម សុខា, និងរលាយផែនការបរទេស ក្នុងការបង្កើត អង្គការចាត់តាំងបដិវត្តពណ៌បំផ្លាញកម្ពុជាផងដែរ។ ក្រុមអ្នកនិពន្ធចងក្រង ក៏បានលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងសរសេរបន្ថែមទៀតជុំវិញ ការបរាជ័យនៃបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីទុកជាបទពិសោធន៍សម្រាប់បណ្តាប្រទេសដទៃទៀតយកធ្វើជាការដកពិសោធន៍ ការពារ និងទប់ស្កាត់។
សេចក្តីសន្និដ្ឋានសាមញ្ញរបស់សៀវភៅកំណត់ត្រានេះ គឺដាក់ការឆ្លុះបញ្ចាំងពីចរិតអ្នកនយោបាយថា៖ «កឹម សុខា បរាជ័យលើ សីលធម៌។ សម រង្ស៊ី បរាជ័យលើ គុណធម៌»។ អ្នកនយោបាយ បើមើលរំលង សីលធម៌ និងគុណធម៌ ចំពោះជាតិនិងប្រជាជន គឺប្រែមកថា បរាជ័យ»។
នៅលើក្របសៀវភៅត្រង់ចំណងជើង គឺបានរចនាឲ្យឃើញថា បក្សសង្គ្រោះជាតិ ក្លាយជាផេះ ជាធ្យូង ហើយក៏ត្រូវគេហៅថា «ខ្មោច» ដែរ។ ម្យ៉ាងទៀត សៀវភៅកំណត់ត្រានេះគឺជួយបង្កើតសំណួរស្រាវជ្រាវដើម្បីស្វែងយល់៖ ហេតុអ្វីបក្សនយោបាយមួយអាចរលាយបាន? ការរកឃើញចម្លើយជាច្រើន ពីសំណួរតែមួយនេះ គឺជាការបង្កើតមេរៀនដ៏ល្អសម្រាប់ជាមេរៀន បទពិសោធន៍ និងការឆ្លុះបញ្ចាំងចំណុចខ្លាំង និងចំណុចខ្សោយក្នុងការដឹកនាំ។
សូមជម្រាបថា សៀវភៅកំណត់ត្រាអំពី «ការរលាយបក្សសង្គ្រោះជាតិ» រានេះអាចរកបាននៅតូបលក់សៀវភៅក្បែររបងវត្តលង្កា ជិតវិមានឯករាជ្យ៕