(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានដកមន្ដ្រីនគរបាលមូលដ្ឋានណា ដែលនៅតែផ្គើនបន្ដ លួចចេញឯកសាររដ្ឋបាល ដល់ជនបរទេសដោយខុសច្បាប់។
សារព្រមានលើកនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង ក៏បានឲ្យដឹងដែរថា កន្លងទៅក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដកមន្ដ្រីនគរបាលមូលដ្ឋាន នៅរាជធានីភ្នំពេញរួចមកហើយ ដោយសារតែមន្ដ្រីរូបនោះ មិនបានស្ដាប់តាមការណែនាំ មិនបានអនុវត្តឲ្យត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធករណីចេញឯកសារ ដោយខុសច្បាប់នេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បើតាមរបាយការណ៍មន្ដ្រីយើងនៅតែផ្គើនទៀត ខ្ញុំថាល្មមដល់ពេលហើយ តែយើងមិនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ប៉ុន្ដែយើងមានគោលការណ៍ដែលយើងបានផ្ដល់ហើយ តែពួកគាត់មិនព្រមស្ដាប់។ ចឹងបានកន្លងទៅយកប៉ុស្ដិ៍ប៉ូលីសខ្លះ គាត់យកទៅគឺផ្អិបចោលឯកសារហ្នឹងតែម្ដងដល់ថ្នាក់ហ្នឹង មន្ដ្រីបែបហ្នឹងយើងទុកអត់បាននោះទេ បើមិនចឹងនៅតែបន្ដទៀត នៅតែចេញបន្ដទៀត»។
បើតាមសម្ដេចក្រឡាហោម ក្រសួង និងអគ្គនាយកដ្ឋាន បានចេញគោលការណ៍ច្បាស់លាស់អស់ហើយ ហេតុអ្វីបានជាមន្ដ្រីទាំងអស់នោះ នៅតែផ្គើនមិនស្ដាប់ការណែនាំរបស់ថ្នាក់លើ? ដូចនេះហើយមន្ដ្រីទាំងអស់នោះ គឺជាមុខសញ្ញាដែលថ្នាក់ដឹកនាំ តាមបណ្ដាអង្គភាពត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា។
សម្ដេចសង្កត់ធ្ងន់ថា បើមិនដកមន្ដ្រីទាំងអស់នោះចេញទេ ការលួចចេញឯកសារដោយខុសច្បាប់នេះ នឹងនៅតែបន្ដកើតមានឡើងមិនចេះចប់មិនចេះហើយ ខណៈដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ប្រក្រតីក៏ដោយ។
សារព្រមានរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្ដោប្រវេសន៍ បានរាយការណ៍ថា មានឯកសារចំនួន៥ ដែលមន្ដ្រីអត្រានុកូលដ្ឋានបានបន្ដលួចចេញឲ្យជនបរទេស ដើម្បីបានសញ្ជាតិខ្មែរដែលទង្វើការនេះ ផ្ទុយពីច្បាប់ដែលបានកំណត់។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ឯកសាររដ្ឋបាលខុសច្បាប់ទាំង៥នោះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានទៅតាមផ្លូវច្បាប់។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា លទ្ធផលនៃការជំរឿនបានរកឃើញថា ជនបរទេសអន្តោប្រវេសន៍ សរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមជនបរទេសអន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន២០,២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧៣,៣៩៧នាក់ ស្រី៣៥,៨៨៨នាក់ មាន០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលឯកសារទាំងនោះមាន០៧ប្រភេទឯកសារ។
ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ប្រក្រតី ក្នុងរយៈពេល៣ខែមកនេះ មានជនបរទេសជាង៩៤០០គ្រួសារ ស្មើនឹងជាង៣ម៉ឺននាក់ ត្រូវបានអាជ្ញាធររាជធានី-ខេត្ត ដកហូតឯកសាររដ្ឋបាល ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ និងធ្វើការបដិសេធចោល៕