(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើអគារនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង៦ ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីគ្រប់គោលដៅ បានទៅជួយបាញ់ពន្លត់។
ក្រុមអ្នកយកព័ត៌មាន Fresh News ដែលបានទៅយកព័ត៌មាន នៅកន្លែងកើតហេតុនោះ បានរាយការណ៍មកថា មូលហេតុបឋមដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង។
ក្រោយកើតហេតុ គេសង្កេតឃើញមានការដឹកនាំបញ្ជាផ្ទាល់ដើម្បីបាញ់ពន្លត់គ្រោះអគ្គិភ័យនេះ ពីលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់, អធិការនគរបាលខណ្ឌលោក យិន សាន, លោក ព្រហ្ម យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ អមដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ។
សម្រាប់ទំហំ នៃការខូចខាតវិញនោះ អគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។
តាមសេចក្តីរាយការណ៍ នៅក្នុងហេតុការណ៍នេះ ក៏មានមន្រ្តីពន្លត់អគ្គិភ័យម្នាក់ បានសន្លប់ផងដែរ ក្រោយពេលទៅជួយអន្តរាគមន៍៕