(ក្រចេះ)៖ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១១៣នាក់ ក្នុងសំណុំរឿង០០២ មកពីខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង និងរតនៈគិរី និងតំណាងផ្នែកច្បាប់ របស់ពួកគាត់ដែលជួប ប្រជុំគ្នានៅក្នុងទីរួមខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានបង្ហាញពីសេច ក្តីអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេច តាមរយៈអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ១៩៧៩។
ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ មកពីស្រុកមេមត់ខេត្តត្បូងឃ្មុំ បានថ្លែងថា៖ «ខ្ញុំសូម ស្នើរាជរដ្ឋាភិបាលរៀបចំពិធីសាសនា ដើម្បីរំឭកវិញ្ញាណក្ខន្ធជូន ជនរងគ្រោះដែលបាន ស្លាប់ក្នុងរបបខ្មែរក្រហម និងចាក់ផ្សាយនូវភាពយន្តឯកសារអំពីរបបនេះនៅទូទាំងប្រ ទេសដើម្បីអនុញ្ញាតឱ្យយុវជនជំនាន់ក្រោយ បានសិក្សាពីប្រវត្តិសាស្ត្រនៃប្រទេសរបស់ ខ្លួន»។
ទាក់ទងនឹងសំណងនេះ លោកនេត្រ ភក្ត្រា ប្រធានស្តីទីនៃផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា «ទិវាជាតិនៃការចងចាំ» គឺជាគម្រោងមួយនៅក្នុងចំណោមគម្រោងសំណងទាំង ១១ ក្នុងក្របខណ្ឌនៃកម្មវិធីសំណងសមូហភាព និងផ្លូវចិត្តរបស់ជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង ០០២/០១។ គម្រោងសំណងសមូហភាព និងផ្លូវចិត្តទាំង ១១ ដែលតុលាការបានសម្រេចផ្តល់សំណុំរឿង ០០២/០១ ដែលទាក់ទងនឹងការចងចាំ ការអប់រំ ការស្តារនីតិសម្បទាជាដើម ត្រូវបានអនុវត្ត ហើយគម្រោងសំណងទាក់ទងនឹង ទិវាជាតិនៃការចងចាំនេះ គឺជាគម្រោងចុងក្រោយគេដែលបានអនុវត្តនៅក្នុងសំណុំរឿង ០០២/០១។
លោក នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងសំណើររបស់ជនរងគ្រោះ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមប្រកាសយក ថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់ សម្រាកបុណ្យជាតិ។
លោក នេត្រ ភក្ត្រា បានបន្តថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិ បាលកម្ពុជា «ទិវាជាតិនៃការចងចាំ» នេះត្រូវបានកំណត់ថា ជាថ្ងៃឈប់សម្រាក សាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន ក្នុងគោលបំណងដើម្បី៖ ១៖លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ២៖លើកតម្កើងដល់ ការរំឭកដល់ ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់ ឬបាត់បង់ជីវិតក៏ដោយ។ ៣៖ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ ជនរងគ្រោះ និងក្រុមគ្រួសារ។ ៤៖ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និង ៥៖លើក កម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យ កើតមានឡើងសាជាថ្មី។
បើតាម លោក នេត្រ ភក្ត្រា សំណុំរឿង ០០២/០១ ត្រូវបានបិទបញ្ចប់ជាស្ថាពរ តាមរយៈសាលដីការបស់អង្គជំនុំជម្រះ តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ ដោយសម្រេចតម្កល់សាលក្រម នៃអង្គជំនុំជម្រះសាលាដំបូង ក្នុងការផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផនដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នួន ជា បច្ចុប្បន្ន
មានអាយុ ៩២ឆ្នាំ និងខៀវ សំផន មានអាយុ ៨៧ ឆ្នាំ កំពុងប្រឈមមុខការចោទប្រកាន់ ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាមក្នុងសំណុំរឿង ០០២/០២ ហើយសាលក្រម នៃសំណុំរឿងនេះ គ្រោងនឹងប្រកាស នៅដំណាច់ឆមាសទី១ ឆ្នាំ ២០១៨ ខាងមុខនេះ៕