(ភ្នំពេញ)៖ អតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូល បានកាត់ទោសរំលាយចោលនោះ នៅតែបន្តប្រើប្រាស់និម្មិតសញ្ញា (Logo) ដែលច្បាប់ហាមឃាត់ម្តងហើយម្តងទៀត ខណៈដែលក្រសួងមហាផ្ទៃ បានព្រមានថា ការបន្តលួចប្រើប្រាស់និម្មិតសញ្ញា ឬឈ្មោះគណបក្សនេះ គឺជារឿងខុសច្បាប់ធ្ងន់ធ្ងរ។

អតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយទៀត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រូបសញ្ញានៃគណបក្សនេះ កាលពីនៅមានជីវិត។ សេចក្តីថ្លែងការណ៍នេះ បានស្វាគមន៍ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបក្នុងការពិចារណា ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសកម្ពុជា ព្រមទាំងទាមទារឱ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាក្រសួងមានសមត្ថកិច្ច ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការបន្តប្រើប្រាស់ ឬលួចប្រើប្រាស់ Logo របស់គណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលកាត់ទោសរំលាយចោល គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងប្រឆាំងចំពោះការសម្រេចរបស់តុលាការ។

កាលពីថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨ រដ្ឋសភាក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានលួចប្រើប្រាស់ រូបសញ្ញា (Logo) រដ្ឋសភា លើលិខិតផ្សេងៗរបស់ពួកគេ ដោយខុសច្បាប់ផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីប្តឹងមេដឹកនាំរបស់ ចលនាសង្រ្គោះជាតិជាច្រើនរូប ដែលបាននឹងកំពុងធ្វើចលនាខុសច្បាប់ ហើយតុលាការកំពុងចាត់ការលើសំណុំរឿងនេះ រួមទាំងបណ្តាញខ្សែរយៈនៃចលនាខុសច្បាប់នេះ ទាំងក្នុងស្រុក ទាំងក្រៅស្រុក៕