(ក្រចេះ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ អយ្យការអមសាលាដំបូងខេត្ត ទទួលបានសំណុំរឿងជិត៩០០ ក្នុងនោះមានបទឧក្រិដ្ឋ៤២រឿង និងបទល្មើសមជ្ឈឹម៨០៩រឿង។
ការបញ្ជាក់ឲ្យដឹងបែបនេះរបស់លោក កែវ សុជាតិ បានធ្វើឡើងក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី លោក ឌិន ស៊ីវុឌ្ធី ប្រធានសាលាដំបូងខេត្តផងដែរ ដែលរៀបចំធ្វើឡើង នៅសាលមហោស្របខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក កែវ សុជាតិ បានបញ្ជាក់ថា «ទិន្នន័យ និងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងនៅសល់ឆ្នាំ២០១៦ ចំនួន២១២រឿង និងសំណុំរឿងចូលថ្មី ក្នុងឆ្នាំ២០១៧ ទទួលបាន ៨៥១រឿង ក្នុងនោះមានបទឧក្រិដ្ឋ៤២រឿង និងបទល្មើសមជ្ឈឹម៨០៩រឿង និងបានចាត់ការរួច៨៩៤រឿង និងកំពុងចាត់ការ១៦៩រឿង»។
លោកបន្ដទៀតថា សំណុំរឿង ដែលកំពុងតែអនុវត្ត គឺក្នុងឆ្នាំ២០១៧កន្លងទៅ អយ្យការទទួលបានបានសំណុំរឿង អនុវត្តចំនួន១២រឿង ក្នុងនោះសំណុំរឿង រដ្ឋប្បវេណីយ៧រឿង អនុវត្តចាត់ការរួច១រឿង សំណុំរឿងអនុវត្ត ក្នុងរឿងព្រហ្មទណ្ឌ៥រឿង ចាត់ការរួច៣រឿង កំពុងចាត់ការ២រឿង។
ជាមួយគ្នានោះ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក៏បានជំរុញឲ្យអង្គភាពនគរបាលយុត្តិធម៌ និងមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវពង្រឹងសេវាយុត្តិធម៌ ដើម្បីផ្តល់សេវាយុត្តិធម៌ ជូនដល់ ប្រជាពលដ្ឋ ដោយការអនុវត្តការងារ គឺត្រូវធ្វើឡើងគោរព តាមក្រមសីលធម៌វិជ្ជាជីវៈ គោរពតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃកម្ពុជា។
លោកថា បើទោះបីជាស្ថានភាពបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន មានតួរលេខធ្លាក់ចុះ ខណៈដែលមេក្លោងគ្រឿងញៀនធំៗ ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ពីនគរបាល យុត្តិធម៌ ក្រោមការដឹកនាំពីស្ថាប័នអយ្យការយ៉ាងណាក្តី ការជំរុញឲ្យមន្រ្តីនគរបាលយុត្តិធម៌ បន្តបង្កើនកិច្ចសហការជាមួយស្ថាប័នអយ្យការ លើការស្រាវជ្រាវរុករកលើជនមុខសញ្ញា សេសសល់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។
លោក ឌិន ស៊ីវុឌ្ឋី ប្រធានសាលាដំបូងខេត្តក្រចេះ បានលើកឡើងថា សមទ្ឋិផលបានមកពីការបំពេញមុខងារ ក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌កាលពីឆ្នាំ២០១៦ គឺទទួលបានលទ្ធផលល្អ ប្រសើរតែមន្រ្តីនគរបាលយុត្តិធម៌ ត្រូវបន្តពង្រឹងកិច្ចការងារនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ឲ្យពួកគាត់កាន់តែមានទំនុកចិត្តកាត់បន្ថយ បទល្មើស និងលើកកម្ពស់សុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ៕