(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានព្រមានឱ្យកម្លាំងនគរបាលចរាចរ ត្រូវបង្ក្រាប និងត្រូវចាត់វិធានការចំពោះម្ចាស់រថយន្តដឹកផ្ទុកទំនិញ សំពីងសំពោងល្មើសច្បាប់ចរាចរណ៍ ដែលបានបើកបរលើផ្លូវសាធារណៈ ជាផ្នែកមួយលើកមើលឃើញថា បង្កគ្រោះថ្នាក់ចរាចរណ៍ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ការព្រមាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្របូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ ប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តរបស់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។
លោកស្នងការថ្លែងបន្តថា ចាប់ពីពេលនេះតទៅ គឺឈប់ឱ្យមានការអប់រំទៀតហើយ ពីព្រោះការអប់រំចំពោះរថយន្តដឹកផ្ទុកសំពីងសំពោងធ្វើជាច្រើន លើកច្រើនដងមកហើយ ពួកគេមិនរាងចាលឡើយ។ វិធានការដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព គឺមានតែបញ្ជូនពួកគេទៅតុលាការតែម្តង។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងទៀតថា ដោយឡែកចំពោះម្ចាស់សិប្បកម្មកែច្នៃរថយន្តនោះវិញ លោកក៏បានព្រមានត្រូវកោះអញ្ជើញពួកគេ មកធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ឱ្យមានការកែច្នៃរថយន្តតទ្រុងខុសបច្ចេកទេស ខុសច្បាប់។ បើសិនក្នុងករណីរកឃើញថា ម្ចាស់សិប្បកម្មនៅតែមិនរាងចាលបន្តកែច្នៃតទ្រុងរថយន្តខុសបច្ចេកទេស ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។
លោកបានលើកឡើងទៀតថា បញ្ហារថយន្តដឹកសំពីសំពោង និងរថយន្តកែច្នៃខុសបច្ចេកទេស បើសិនជាមិនមានវិធានការឱ្យបានម៉ឺងម៉ាត់នោះទេ បញ្ហានេះនៅតែកើតមានជាដដែល ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ មិនអាចថយចុះនោះឡើយ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញឱ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ កើតឡើងចំនួន១១ ករណីបណ្តាលឱ្យស្លាប់មនុស្សចំនួន១៤នាក់និងទទួលរងរបួសធ្ងន់ស្រាល១១នាក់។បើប្រៀបធៀបខែកុម្ភៈនិងខែមករា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១១ករណីស្មើគ្នា ប៉ុន្តែអត្រាអ្នករងគ្រោះស្លាប់កើនឡើង៥នាក់ របួសធ្ងនើកើន៥នាក់ របួសស្រាលថយ៦នាក់៕