Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារត្រួតពិនិត្យ យាន្តយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ថ្នាក់ជាតិ ជំរុញឲ្យមន្ត្រីអនុវត្តន៍ច្បាប់ ធ្វើការកុំខ្លាចជ្រុះតំណែង ដោយសារអ្នកមានលុយ

27-02-2018 17:05

(ភ្នំពេញ)៖ លោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយាន្តយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជំរុញឲ្យមន្ត្រីអនុវត្តន៍ច្បាប់ ធ្វើការកុំឲ្យខ្លាចការជ្រុះតំណែង។

ការថ្លែងរបស់លោកត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានថ្លែងយ៉ាងដូច្នេះថា «បើមិនហ៊ានធ្វើមិនបានទេ ខ្លាចមិនបាច់ធ្វើទេ ធ្វើខ្លាចគេដកតួនាទីមិនបាច់ធ្វើទេ កុំធ្វើអី»

លោក សេង ឈួន លើកឡើងបែបនេះ ព្រោះកន្លងមកមានបញ្ហាប្រឈម ដោយសារប៉ះពាល់ដល់ម្ចាស់ក្រុមហ៊ុន រថយន្តដែលជាអ្នកមានលុយ ធ្វើឲ្យមន្ត្រីអនុវត្តន៍ច្បាប់ ខ្លាចរអារ មិនហ៊ានឃាត់រថយន្តខុសច្បាប់ទាំងនោះ។

លោកបានបន្តថា បញ្ហាមនោសញ្ចេតនា ក៏ជាមូលហេតុដែលធ្វើឲ្យសកម្មភាព ប្រតិបត្តិការចាប់រថយន្ត មានការលំបាកផងដែរ។

លោកអនុរដ្ឋលេខាធិការបានថ្លែងបន្តថា លោកអាយុជាង៧០ឆ្នាំហើយ មិនខ្លាចអ្វីនឹងការអនុវត្តន៍ច្បាប់ឡើយ ហើយរថយន្តដែលបានចាប់ លោកមិនដែលទទួលអន្តរាគមន៍ឡើយ គឺលោកតែងតែឲ្យគេទៅបង់ប្រាក់ពិន័យ។

លោកបានឲ្យដឹងទៀតថា ការដែលលោកកាន់តែរឹតបន្តឹង ក្នុងការអនុវត្តន៍ច្បាប់ លោកមិនដែលបានទទួលការសរសើរឡើយ បែរជាទទួលបានការស្អប់ ពីអ្នកស្គាល់គ្នាដែលជាម្ចាស់ក្រុមហ៊ុនរថយន្តទៅវិញ៕