(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានបង្គាប់ឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនបំភ្លឺលើសំណុំរឿងញុះញង់ កងទ័ពកុំឲ្យស្តាប់រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងដីកាបង្គាប់របស់លោក ហម ម៉េងសែ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវចូលខ្លួនទៅបំភ្លឺរឿងក្តីនៅម៉ោង ៩ព្រឹកជាកំណត់ ហើយប្រសិនបើមិនចូលខ្លួនទេនោះ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។
ក្នុងដីកាបានគូសបញ្ជាក់ថា បទល្មើសរបស់លោក សម រង្ស៊ី គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧១ និង៤៧២ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។
មកដល់ពេលបច្ចុប្បន្នលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ត្រូវបានរុំស្រោបដោយបណ្តឹងជាច្រើនបស់មេដឹកនាំកំពូលៗរបស់កម្ពុជា។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តុលាការបានចេញដីការឹបអូសបណ្តោះអាសន្ននូវអចលនទ្រព្យរបស់លោក សម រង្ស៊ី ជាដី និងទីស្នាក់ការអតីតគណបក្សសង្គ្រោះនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាសំណងជំងឺចិត្តជូនសម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងបរិហាកេរ្តិ៍ថែមទៀតផង៕