(ប៉ោយប៉ែត, បន្ទាយមានជ័យ)៖ ក្រុងប៉ោយប៉ែត ជាទីក្រុងនៃច្រកទ្វារអន្តរជាតិរបស់កម្ពុជាជាប់ស្រុកអារញ្ញប្រាថេតរបស់ថៃ ដ៏មានសារៈសំខាន់មួយក្រៅពីការដោះដូរទំនិញ បានដើរតួនាទីដ៏សំខាន់សម្រាប់ការចេញចូលរបស់អ្នកទេសចរអន្តរជាតិផងដែរ។ ច្រកទ្វារនេះ ជាខ្លោងទ្វារនៃការមកដល់ដែនដីកម្ពុជារបស់ភ្ញៀវបរទេសចេញពីប្រទេសថៃ តែកន្លងទៅបានរងការរិះគន់ច្រើនថា ច្រកនេះភាពរញ៉េរញ៉ៃ មិនមានសណ្តាប់ធ្នាប់ ជាពិសេសសោភណភាពតែម្តងមិនសាកសមជាកន្លែងស្វាគមន៍ និងទទួលភ្ញៀវទេសចរអន្តរជាតិនោះឡើយ។
មានការលើកឡើងទៀតថា បើប្រៀបធៀបគ្នារវាងច្រកទ្វាររបស់ថៃក្នុងស្រុកអារញ្ញប្រាថេត ដែលនៅជាប់គ្នានោះ គឺមានភាពខុសគ្នាឆ្ងាយប្រៀបដូចមេឃ និងដី។ អភិបាលក្រុងថ្មីដែលទើបផ្លាស់ប្តូរពីស្រុកអូរជ្រៅ លោក សាន ស៊ានហូ បន្ទាប់ពីបានមកគ្រប់គ្រងទឹកដីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំសណ្តាប់ធ្នាប់ លាងសំអាតផ្លូវថ្នល់ រៀបចំទុកដាក់សំរាមក្នុងក្រុង ដើម្បីលើកកម្ពស់សោភណភាព។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក សាន ស៊ានហូ បានថ្លែងបង្ហាញគម្រោងជាច្រើនក្នុងការកែលំអរសោភណភាពក្នុងក្រុងប៉ោយប៉ែត។ គម្រោងអាទិភាពទាំងនោះមានដូចជាការរៀបចំធ្វើសួនច្បារ ដោយមានរំលេចផ្កា និងដើមត្នោតចាប់មាត់ច្រកទ្វារព្រំដែន រហូតដល់វត្តបាលិលេយ្យ ការពុះចែកទ្រូងផ្លូវ និងការរៀបចំតាំងលំអរភ្លើង ព្រមទាំងផ្ទាំង LED ជាដើម។
បញ្ហាសំអាតផ្លូវថ្នល់ ការប្រមូលសំរាម និងការទុកដាក់សំរាម ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់សម្រាប់អភិបាលក្រុងរូបនេះផងដែរ។ លោក ស៊ានហូ បានអះអាងថា ដោយសារតែការលាងថ្នល់ជួបការលំបាកច្រើន ដូច្នេះរូបលោកបានបញ្ជាទិញរថយន្តបោសថ្នល់មួយគ្រឿងពីប្រទេសកូរ៉េខាងត្បូងតម្លៃប្រមាណ ៥ម៉ឺនដុល្លារ ដើម្បីបោសដីលើថ្នល់ថែមទៀតផង។
កាយវិការ និងសកម្មភាពនៃកិច្ចខិតខំប្រឹងប្រែងកែលំអរសោភណភាពក្រុងប៉ោយប៉ែត ជាពិសេសគំនិតនៃការរៀបចំរង្វង់ក្រុងប៉ោយប៉ែតថ្មី របស់លោក សាន ស៊ាន បានធ្វើឲ្យអ្នកក្រុងប៉ោយប៉ែតសប្បាយរីករាយ និងពេញចិត្តពេញថ្លើមខ្លាំងណាស់ផងដែរ។
លោកអភិបាលក្រុង ស៊ានហូ បានអះអាងថា វាជាភ័ព្វសំណាងរបស់លោកដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តឲ្យមកបម្រើប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ហើយក៏ជាឱកាសមួយសម្រាប់លោកបញ្ចេញស្នាដៃបម្រើប្រជាពលរដ្ឋផងដែរ។
លោកអភិបាលក្រុងបញ្ជាក់យ៉ាងដូច្នេះ «ជារួមមិនមែនធ្វើប៉ុណ្ណឹងទេ ឥឡូវនេះយើងត្រៀមដាក់ទ្រូងផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវ ដាក់ភ្លើងស្តុប ដាក់កាមេរ៉ាសុវត្ថិភាពអមសងខាងផ្លូវ យើងចាក់បេតុង ចាក់ខាត់ម៉ាន់លាបពណ៌ខៀវ សម្រាប់ថ្មើរជើង។ [...] ជារួមជាចិត្តខ្ញុំនិយាយឲ្យស្មោះត្រង់ទៅអត់ចង់បានអីទេម៉ោងនេះ យើងអាយុ ៥៧ឆ្នាំទៅហើយ ជារួមអត់ចង់បានអីទេ ជាឱកាសខ្ញុំហើយដែលបានចូលរួមបម្រើជាតិមាតុភូមិជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំពេញចិត្តនឹងការហត់នឿយរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងការចាយលុយរបស់ខ្ញុំ ជារួមធ្វើគ្រប់យ៉ាង»។
លោកអភិបាលក្រុង បានអះអាងថា ជាចិត្តរបស់លោកមិនមែនចង់ប្រកួតប្រជែងចលនាទីក្រុងស្អាតជាមួយខេត្តក្រុងរបស់ប្រទេសកម្ពុជានោះទេ គឺលោកចង់ធ្វើឲ្យក្រុងប៉ោយប៉ែតស្រស់ស្អាតជាងស្រុកអារញ្ញប្រាថេត ទឹកដីថៃ ដែលជាប់ជាមួយក្រុងប៉ោយប៉ែតនោះ។
បើទោះបីជាយ៉ាងណា ដើម្បីលើកកម្ពស់សោភណភាពក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជួយបោសសំអាតផ្លូវនៅតាមមុខផ្ទះរបស់ខ្លួន ដើម្បីរួមចំណែកលើកម្ពស់សោភណភាពក្រុង។
ក្រៅពីការបង្ហាញគម្រោងអភិវឌ្ឍន៍នៅតាមច្រកទ្វារក្រុងប៉ោយប៉ែតហើយនោះ លោក សាន ស៊ានហូ ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ផ្លូវនានានៅក្នុងក្រុងផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ លោក៏បានបង្ហាញគម្រោងទិញដីចែកប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងផងដែរ៕