(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុប សកម្មភាពការងារវេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះតាមដានការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ប្រចាំខេត្តស្វាយរៀង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវក្ដីសោមនស្សរីករាយ ដោយបានជួបជាមួយ លោក-លោកស្រី ក្រុមការងារថ្នាក់ជាតិព្រមទាំងសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនាពេលនេះ។
លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអស់លោក-លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មាតីកម្លាំងកាយចិត្ត ធនធានថវិកាសម្ភារជួយគាំទ្រយ៉ាង សកម្មគ្រប់សកម្មភាព តាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្ត រួមចំណែកឲ្យខេត្តស្វាយរៀង ទទួលបានជោគជ័យរាល់ភារកិច្ច ជាបន្តបន្ទាប់ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បង្កលក្ខណៈក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យគ្រប់មូលដ្ឋាន សំដៅរួមចំណែកលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារ ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត និងសម្រេចឲ្យបានជោគជ័យ យើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចតទៅ៖
១៖ ត្រូវខិតខំ ដោះស្រាយបញ្ហាដែលនៅសេសសល់ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។
២៖ ត្រូវមានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ ដោះស្រាយដោយ សាមគ្គីភាព។
៣៖ ត្រូវបន្តជំរុញឲ្យជោគជ័យ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាព អសកម្មរបស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្ស និងស្ថាប័នរដ្ឋ ដោយបន្តការអនុវត្តតាម ទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
៤៖ ត្រូវតាមដាន ស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
៥៖ បន្តផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក ទាំងក្នុងវិស័យនយោបាយ វិស័យការទូត ការរីកចំរើនខាងសេដ្ឋកិច្ច ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបន្តជំរុញក្នុងការអនុវត្ត នូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
៦៖ ត្រូវជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់ មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់ លើរាជរដ្ឋាភិបាល៕