(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ចំពោះបញ្ហាជនជាតិចិននៅខេត្តព្រះសីហនុ មិនមានអ្វីគួរឲ្យបារម្ភនោះទេ គឺជនបរទេសទាំងនោះស្ថិតនៅ ក្រោមច្បាប់កម្ពុជាទាំងអស់។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាជនជាតិ នៅខេត្តព្រះសីហនុ យើងមិនភ័យជនបរទេសមកប្រទេសយើង ច្រើននោះទេ ជាពិសេសមកប្រកបរបររកស៊ីនៅស្រុកយើង ប៉ុន្តែអ្វីដែលប្រយ័ត្នប្រយែងនេះ គឺការជនបរទេសណាម្នាក់ មកដោយគ្មានច្បាប់ទម្លាប់ អញ្ចឹងមិនមែនជាបញ្ហាច្រើនជាបញ្ហានោះទេ បញ្ហាត្រង់ថាទោះមកច្រើនប៉ុន្តែយើងមានច្បាប់អន្តោប្រវេសន៍ ក្នុងការគ្រប់គ្រងជនបរទេស»។

យ៉ាងណាក៏ដោយ សម្រាប់ស្នងការរងអន្ដោប្រវេសន៍ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាកំណើនជនជាតិចិនក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនអន្ដោប្រវេសន៍បានថ្លែងថា «នៅខេត្តព្រះសីហនុ ការហូរចូលនៃជនជាតិចិន ក្នុងនោះបានភាពវិជ្ជមាន និងភាពអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែងជាមួយការហូរចូល នៃកំណើនជនជាតិចិន គេសង្កេតឃើញថា នៅខេត្តព្រះសីហនុ ទាំងមូលសេដ្ឋកិច្ច នៅខេត្តហាក់ មានភាពលូតលាស់ខ្លាំង ពិសេសលើវិស័យកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន ដែលជារបរសំខាន់របស់ពួកគាត់។ ជាមួយ និងកំណើនជនជាតិចិន វាក៏បានបង្កប់ភាពអវិជ្ជមាន មួយចំនួនដែលបង្កឡើង ដោយជនជាតិចិន ជាក់ស្តែងយើងសង្កេតឃើញបាតុភាពនានា ដែលបង្កឡើងដោយជនជាតិចិន គឺការសេពគ្រឿងស្រវឹងបើកបរ ក្នុងស្ថានភាពស្រវឹង បង្កជាឲ្យមានបទល្មើសចរាចរណ៍កើតឡើងជាបន្តបន្ទាប់។ ជនជាតិចិន មួយចំនួនបង្កអំពើហឹង្សា ទាស់ទែងគ្នានៅតាមទីសាធារណ ជាក់ស្តែងទីតាំងរបស់ពួកគេស្នាក់នៅតែម្តង ដែលបង្កភាពអនាធិបតេយ្យនៅតាមមូលដ្ឋានផងដែរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន បានបង្កភាពប្រឈម និងការងារលំបាកមែនទែន»

លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបញ្ជាក់ថា ចំពោះការអនុវត្តការងារលើការចុះធ្វើបច្ចុប្បន្នភាព និងស្ថិតិរបស់ជនជាតិចិន បានផ្តល់ការលំបាកដល់មន្ត្រីជំនាញ ដោយសារម្ចាស់ទីតាំងមួយចំនួន ដែលជួលកន្លែងស្នាក់នៅ គាត់មានកាយវិការមិនចង់សហការជាមួយសមត្ថកិច្ច។ ដោយឡែកពេលខ្លះ ដោយសារម្ចាស់ទីតាំងជួលឲ្យជនជាតិចិនមួយចំនួន គឺសុទ្ធតែអ្នកធំមានមុខមានមាត់នៅក្នុងសង្គម ហើយម្ចាស់ទីតាំងទៀត សោធពេលធ្វើការសហការជាមួយនឹងកម្លាំងជំនាញពួកគាត់លាក់បាំងពិចំនួនភ្ញៀវជនជាតិចិន ដែលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។

ប៉ុន្តែសម្រាប់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ផងដែរថា «បញ្ហាជនអន្តោប្រវេសន៍នៅកំពង់សោម វាគ្រាន់តែជាទិដ្ឋភាពខាងក្រៅ មួយដោយមើល ឃើញថា ខុសពីទម្លាប់មុនដែលពីមុន ជនជាតិអឺរ៉ុប ច្រើនឥឡូវ គឺជនជាតិចិនដែលមកប្រកបរបររកស៊ីច្រើន។ សំខាន់សម្តេចក្រឡាហោម ស ខេង បានដាក់ដែនការរួចហើយ គឺថា យើងពិនិត្យមើលណែនាំឲ្យជនបរទេសទាំងអស់នោះ អនុវត្តទៅតាមច្បាប់នៅកម្ពុជា។ សម្រាប់ជនបរទេសដែលរស់នៅកម្ពុជា ត្រូវមានលិខិតឆ្លងដែន មានសុពលភាព មានបណ្ណការងារសមស្របទៅតាមមុខរបររបស់ខ្លួន ដែលមានទិដ្ឋការស្នាក់នៅស្របតាមច្បាប់ទម្លាប់នៅកម្ពុជា។ បើទិដ្ឋការគាត់នឹងវិលត្រឡប់ទៅស្រុករបស់គាត់វិញ ដូច្នេះវាមិនមែន បញ្ហាចំនួនច្រើននោះទេគឺការអនុវត្តទៅតាមច្បាប់តែប៉ុណ្ណោះ»

ពាក់ព័ន្ធបញ្ហាជនជាតិចិន តែងតែបង្កភាពអនាធិបតេយ្យ នៅតាមទីសាធារណមួយចំនួន នៅខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា រឿងវាមិនមែនភាគច្រើននោះទេ គឺមានតែមួយចំនួនតូចតែប៉ុណ្ណោះ គឺជាចរិករបស់មនុស្សតែម្តង។ បើមិនគោរពច្បាប់សតម្ថកិច្ច នៅកន្លែងនោះចាប់វៃខ្នោះអនុវត្តតាមច្បាប់ និងដាក់ពន្ធនាគារផងដែរ។ សម្រាប់ជនអន្តោប្រវេសន៍មកធ្វើការ និងស្នាក់នៅដោយខុសច្បាប់មន្ត្រី របស់យើងបានបណ្តេញចេញអស់ជាច្រើនផងដែរ ហើយទាំងនេះមិនមែនេះជាគោលការណ៍ នៃជនជាតិមួយនោះទេ វាគឺបុគ្គលមួយផ្នែក នៃជនជាតិមួយតែប៉ុណ្ណោះ ហើយមិនត្រូវមើលឃើញខុសតែ៣០ ទៅ៤០នាក់ ទៅវាយតម្លៃមនុស្ស៥០ ទៅ៦០ម៉ឺននាក់នោះទេ។

សម្រាប់លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ក៏សូមសំណូមពរសូមឲ្យម្ចាស់ទីតាំង សហគ្រាស និងគ្រឹះស្ថាន ផ្តល់នូវការសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងការិយាល័យជំនាញឲ្យបានពេញទំហឹង ដោយសារមានករណីពីមុខពួកគាត់ព្យាយាមលាក់បាំង តួលេខពិតប្រាកដ។ ប្រសិនបើម្ចាស់ទីតាំង មិនមានបំណងសហការ ទោះបីជាកម្លាំងជំនាញខិតខំប្រឹងប្រែងយ៉ាងណា ក៏ពិបាកក្តាប់បានស្ថិតិច្បាស់លាស់ នៃកំណើនជនជាតិចិន ដែលកំពុងស្នាក់​ និងធ្វើការនៅក្នុងខេត្តព្រះសីហនុផងដែរ៕