(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ អ៊ុក កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងស្រាវជ្រាវបទល្មើសរបស់ ស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលសុចិត្រ និងទំរីង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើមួយ ស្ថិតនៅភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានរឹបអូសម៉ាស៊ឺនជ្រៀកឈើ១គ្រឿង, ឈើក្តារប្រភេទលេខ២ (ផ្អុង,ក្ដួច,កំបោ) ចំនួនចំនួន១០១សន្លឹក ស្មើនិង១,៦ម៉ែត្រគូប និងឈើតាប់ចំនួន២ដុំ។
បើតាមលោកស្នងការ ម្ចាស់ម៉ាស៊ឺនឈ្មោះ ហង្ស វុន អាយុ២២ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ឃន សុខវន អាយុ២០ឆ្នាំ រស់នៅភូមិព្រេន ឃុំសុចិត្រ។
លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា សម្រាប់ការចុះទៅបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ក៏បានធ្វើឡើងក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍អគ្គស្នងការ នគរបាលជាតិ ព្រមទាំងមានការចង្អុលបង្ហាញពីអភិបាលខេត្ត សុខ លូ សហការជាមួយរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕